រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងប្រតិភូអន្តរជាតិរួមគ្នាដាំដើមឈើនៅវាលថ្មដុំ ដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ផេកក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២២ បានបញ្ជាក់ថា, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងតំណាងរដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានមួយចំនួន ព្រមទាំងប្រតិភូជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATA 2022) បានចូលរួមក្នុងពិធីដាំដើមឈើដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។

ពិធីដាំដើមឈើនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ម្សិលមុិញ នៅវាលថ្មដុំ ក្បែរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តំណាងរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត តំណាងអង្គទូត តំណាងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលបានចូលរួមក្នុងវេទិការទេសចរណ៍អាស៊ានលើទី៤០ ឆ្នាំ២០២២។

លោក គួច ចំរើន បានលើកឡើងថា ចាប់តាំងពីកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅខេត្តព្រះសីហនុ។ វេទិកាដ៏ឱឡារឹកនាពេលនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយដែលប្រជាពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើក និងកំពុងដំណើរការចាក់ដូសទី៣ ឬដូសជំរុញផងដែរ។

បន្ថែមពីលើនេះ ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នាពេលនេះគឺជាសញ្ញាដ៏រឹងមាំមួយដែលសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការពហុភាគីនិយមក្នុងការផ្លាស់ប្ដូរគំនិតយោបល់ ព័ត៌មានល្អៗ ដើម្បីជំរុញនិងអភិវឌ្ឍសម្បទាទេសចរណ៍ និងការផ្លាស់ប្ដូរភ្ញៀវទេសចរអាស៊ានប្រកបដោយគុណភាព និងសុវត្ថិភាពនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ជាសកលនេះ។

លោក គួច ចំរើន បានបន្តថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍសេដ្ឋកិច្ចជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំនិងអភិវឌ្ឍ «ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងបរិស្ថានរស់នៅល្អប្រសើរ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិ ដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ជាទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អ។

លោកបានបន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលដោយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខេត្តព្រះសីហនុ និងខេត្តតំបន់ឆ្នេរបីផ្សេងទៀតរបស់កម្ពុជា ត្រូវបានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្អាតបំផុតលើសកលលោក និងត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ដោយមានកោះតូច-ធំចំនួន៣២ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ជាពិសេសក្រុងព្រះសីហនុ និងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះ គ្របដណ្តប់ដោយថ្មប៉ប្រះទឹក ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង ដែលជាគោលដៅទេសចរណ៍ចម្បងបំផុតនៅក្នុងខេត្ត។

សូមជម្រាបថា ការដាំដើមឈើជានិមិត្តរូបនាពេលនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុបានជ្រើសរើសយកដើមស្ញាវ ជាប្រភេទដើមឈើម្យ៉ាងដុះលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍ អូស្រ្តាលីខាងជើង និងតាមបណ្តាកោះនានាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ដើមស្ញាវនេះមានកំពស់ចន្លោះពី ៦ ទៅ ៣៥ម៉ែត្រ និងខ្ពស់បំផុត៦០ម៉ែត្រ ហើយលូតលាស់ប្រមាណ ២ម៉ែត្រក្នុង១ឆ្នាំ។ ដើមស្ញាវនេះ ជួយរក្សាស្ថិរភាព និងគុណភាពដីខ្សាច់ មានការលូតលាស់ល្អ និងមានភាពធន់ខ្ពស់ ទោះបីមានកម្រិតជាតិអំបិលខ្ពស់ ជារបាំងខ្យល់ព្យុះ ទប់ ទល់ការហូរច្រោះខ្សាច់នៅតាមឆ្នេរ កាត់បន្ថយសំនឹកដីខ្សាច់ ពីកម្លាំងខ្យល់ ទឹកហូរ ឬរលកសមុទ្រ ធន់នឹងកម្លាំងខ្យល់បក់ និងជួយរក្សាតុល្យភាពអាសូតក្នុងបរិយាកាស។

ការជ្រើសរើស ដើមស្ញាវ ដាំជានិមិត្តរូបក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ គឺបង្ហាញពីភាពធន់ ភាពរឹងមាំ និងភាពស្រស់ស្រាយរីករាយអបអរសាទរ នៃការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print