លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គល៩១ព្រះវស្សា យាងចូល៩២ព្រះវស្សា ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទបាននាំយកបច្ច័យ ទេយ្យទាន ចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គល និងពិធីស្រោចព្រះសុគន្ធវារី ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចម្រើនព្រះជន្មាយុ ៩១ព្រះវស្សាយាងចូល៩២ព្រះវស្សារបស់ព្រះអង្គ ដែលពិធីនេះបានប្រព្រឹត្តទៅនៅ វត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
នៅក្នុងពិធីនោះក៏មានការយាងនិងនិមន្តចូលរួមពីសម្តេចសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី​ ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពុទ្ធបរិស័ទជិតឆ្ងាយ មន្រ្តីរាជការ ព្រះសង្ឃ បានយាង និមន្តនិងអញ្ជើញចូលរួមផងដែរ ។

ប្រពៃណីស្រោចសុគន្ធវារីនេះកើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយមរតកវប្បធម៌ដែលបានសាយភាយផ្សព្វផ្សាយចូលដល់បណ្ដាប្រទេសជាច្រើននៅជុំវិញមហាសាគរប៉ាស៊ីហ្វិក និងមួយផ្នែកធំទៀតនៃពិភពលោក ។ ពិធីស្រោចស្រពសុគន្ធវារី ដែលយើងកំពុងធ្វើនាពេលនេះ ពិតជាសមស្របទៅនឹងគន្លង ប្រពៃណីសាសនាដែលដូនតាខ្មែរបានប្រតិបត្ដិ ហើយនៅតែបន្ដអនុវត្ដដល់សព្វថ្ងៃ។ ប្រពៃណីបុណ្យដ៏ប្រសើរនេះ មិនត្រឹមតែរាស្រ្ដប៉ុណ្ណោះទេដែលធ្វើ សូម្បីតែព្រះមហាក្សត្រម្ចាស់ផែនដី ក៏ព្រះអង្គតែងតែប្រារព្ធពិធីរបៀបនេះ តាំងតែពីបឋមវង្ស ទុតិយវង្ស តតិយវង្សដរាបរហូតមកដល់បច្ចុប្បន្ន។

នាឱកាសនោះផងដែរ លោកស្រី​កិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ក៏បានបួងសួងថ្វាយព្រះពរជ័យចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អ ដើម្បីជាម្លប់នៃព្រះពុទ្ធសាសនា និងសូមថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំសមាជិក សមាជិការាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឱ្យបានដូចក្តីប្រាថ្នា និងជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print