គ្រាប់បាល់២គ្រាប់របស់ Diogo Jota បានជួយឱ្យក្រុមហង្សក្រហមLiverpool ទទួលជ័យជម្នះក្នុងលទ្ធផល២ទល់០ យ៉ាងងាយស្រួលនៅលើទឹកដីក្រុមកាំភ្លើងធំ Arsenal ក្នុងជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup កាលពីថ្ងៃព្រហស្បតិ៍ដោយត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ទល់នឹងក្រុមតោខៀវ Chelsea ។
ក្រុម Arsenal បានប្រកួតក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Anfieldកាលពីសប្តាហ៍មុនក្នុងជើងទី១ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលក្នុងការប្រកួតជើងទី២ ដោយត្រូវក្រុមភ្ញៀវ Liverpool វាយបកយកឈ្នះវិញ។ ក្រុម Liverpool ក៏មិនមានកីឡាករសំខាន់ៗដែរដូចជា Mohamed Salah, Sadio Mane និង Naby Keita ក្នុងការបំពេញកាតព្វកិច្ច African Nations Cup ។ការប្រកួតក្នុងតង់ទី១ ក្រុមហង្សក្រហម Liverpool រកបាន១គ្រាប់នៅនាទីទី១៩ ជាការស៊ុតគ្រាប់ទី១ដោយកីឡាករ Jota។ ក្រុម Liverpool បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៧៧។ នៅចុងម៉ោងក្រុម Arsenal ត្រូវអាជ្ញាកណ្តាលបណ្តេញកីឡាករ Thomas Partey បន្ទាប់ពីមានកំហុសលើ Fabinho ។Liverpool នឹងត្រូវស្វែងរកកំណត់ត្រាឈ្នះពាន League Cup ជាលើកទី៩ នៅពេលដែលពួកគេប្រឈមមុខនឹងក្រុម Chelsea ដែលបានយកឈ្នះ ៣-០ លើក្រុម Tottenham Hotspur កាលពីសប្តាហ៍មុន។អ្នកចាត់ការក្រុម Liverpool លោក Juergen Klopp បាននិយាយថា “យើងពិតជាសប្បាយរីករាយណាស់ សម្រាប់ជ័យជម្នះមួយនេះ។ តង់ទីមួយ Arsenal មានភាពរស់រវើក ហើយអ្នកគាំទ្រក៏ដូចគ្នាដែរ ប៉ុន្តែយើងបានធ្វើឲ្យអ្វីៗប្រែប្រួលដោយយើងបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យចំនួន២គ្រាប់”។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខរវាងក្រុម Chelsea នឹងក្រុម Liverpool ក្នុងកីឡដ្ឋាន Wembley ក្រោយពេលក្រុមទាំងត្រូវធ្វើការធ្ងន់ ដោយត្រូវប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League ផងដែរ ៕ (រូបភាព ៖ CNA/Reuters)