Diogo Jota រកបាន២គ្រាប់ជួយឲ្យ Liverpool ​ឈ្នះ Arsenal ឡើង​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់ League Cup

ចែករំលែក៖

គ្រាប់បាល់២គ្រាប់របស់ Diogo Jota បានជួយឱ្យក្រុមហង្សក្រហមLiverpool ទទួលជ័យជម្នះក្នុងលទ្ធផល​២ទល់០ យ៉ាងងាយស្រួលនៅលើទឹកដីក្រុមកាំភ្លើងធំ Arsenal ក្នុងជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup កាលពីថ្ងៃព្រហស្បតិ៍ដោយត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ទល់នឹងក្រុមតោខៀវ Chelsea ។

ក្រុម Arsenal បានប្រកួតក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Anfieldកាលពីសប្តាហ៍មុនក្នុងជើងទី១ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលក្នុងការប្រកួតជើងទី២ ដោយត្រូវក្រុមភ្ញៀវ Liverpool វាយបកយកឈ្នះវិញ។ ក្រុម Liverpool ក៏មិនមានកីឡាករសំខាន់ៗដែរដូចជា Mohamed Salah, Sadio Mane និង Naby Keita ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច African Nations Cup ។ការប្រកួតក្នុងតង់ទី១ ក្រុមហង្សក្រហម Liverpool រកបាន១គ្រាប់នៅនាទីទី១៩ ជាការស៊ុតគ្រាប់ទី១​ដោយកីឡាករ Jota។ ក្រុម Liverpool បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៧៧។ នៅចុងម៉ោងក្រុម Arsenal ត្រូវអាជ្ញាកណ្តាលបណ្តេញកីឡាករ Thomas Partey បន្ទាប់ពីមានកំហុសលើ Fabinho ។Liverpool នឹងត្រូវស្វែងរកកំណត់ត្រាឈ្នះពាន League Cup ជាលើកទី៩ នៅពេលដែលពួកគេប្រឈមមុខនឹងក្រុម Chelsea ដែលបានយកឈ្នះ ៣-០ លើក្រុម Tottenham Hotspur កាលពីសប្តាហ៍មុន។អ្នកចាត់ការក្រុម Liverpool លោក Juergen Klopp បាននិយាយថា “យើងពិតជាសប្បាយរីករាយណាស់ សម្រាប់ជ័យជម្នះមួយនេះ។ តង់ទីមួយ Arsenal មានភាពរស់រវើក ហើយអ្នកគាំទ្រក៏ដូចគ្នាដែរ ប៉ុន្តែយើងបានធ្វើឲ្យអ្វីៗប្រែប្រួលដោយយើងបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យចំនួន២គ្រាប់”។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខរវាងក្រុម Chelsea នឹងក្រុម Liverpool ក្នុងកីឡដ្ឋាន Wembley ក្រោយពេលក្រុមទាំងត្រូវធ្វើការធ្ងន់ ដោយត្រូវប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយពានរង្វាន់​ Champions League ផងដែរ ៕ (រូបភាព ៖ CNA/Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print