កីឡាករ Iker Muniain ស៊ុតបញ្ចូលទីបាន២គ្រាប់ រួមទាំងការស៊ុតបាល់ប៉េណាល់ទីក្នុងបន្ថែមម៉ោងបន្ថែមធ្វើឲ្យក្រុមAthletic Bilbao ទម្លាក់ Barcelona ចេញពីពានរង្វាន់ Copa del Rey ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករានេះ។
Muniain បើកការស៊ុតបញ្ចូលទីនៅនាទីទី២ ពេលចាប់ផ្តើមប្រកួតនៅតង់ទី១ មុនពេលកីឡាករ Ferran Torres រកបានគ្រាប់បាល់ដំបូងរបស់គាត់ឲ្យBarcelona តាមស្មើវិញនៅនាទីទី២០។ កីឡាករ Inigo Martinez បានរកគ្រាប់បាល់មួយគ្រាប់ទៀតឲ្យក្រុម Bilbao នៅនាទីទី៨៦ ក្នុងតងទី២ ប៉ុន្តែត្រូវបានកីឡាករ Pedri រក១គ្រាប់តាមស្មើឲ្យ Barcelona វិញនៅនាទីទី៩០+៣ ដែលលទ្ធផលស្មើនេះធ្វើឲ្យអាជ្ញាកណ្តាលសម្រេចប្រកួតក្នុងម៉ោងបន្ថែម។ការប្រកួតចូលដល់ម៉ោងបន្ថែម១៥នាទី២ដង កីឡាករក្រុម Barcelona បានធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ក៏ត្រូវអាជ្ញាកណ្តាលពិន័យបាល់ប៉េណាល់ទីនៅនាទីទី១០៥ ដែលជាការស៊ុតបាល់បញ្ចូលទីដោយកីឡាករ Muniain ដែលជាគ្រាប់បាល់ជ័យជម្នះ។បរាជ័យនេះបានធ្វើឲ្យក្រុម Barcelona ដែលកំពុងឈរចំណាត់ថ្នាក់ទី៦នៅ La Liga បាត់បង់ការប្រជែងពានរង្វាន់ Copa del Rey រដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi និងជាក្រុមដែលដុនដាបខ្លាំងដោយបានធ្លាក់ទៅលេងនៅ Europa League ទៀតផង។ចំណែកក្រុមអធិរាជស Real Madrid បានរួចផុតពីការភ័យខ្លាចដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Copa del Rey ដោយបានយកឈ្នះក្រុម Elche ក្នុងម៉ោងបន្ថែមនៅ Estadio Martinez Valero។កីឡាករបម្រុង Eden Hazard ជាអ្នករកបានគ្រាប់ជ័យជម្នះនៅក្នុងម៉ោងបន្ថែម។ បន្ទាប់ពីការប្រកួតដ៏តឹងតែងក្នុងម៉ោងធម្មតា ក្រុមម្ចាស់ផ្ទះ Elcheបាននាំមុខយ៉ាងភ្ញាក់ផ្អើលនៅពេលកីឡាករ Gonzalo Verdu បានស៊ុតបញ្ចូលទីក្រុម Real Madrid នាំមុខនៅនាទីទី១០៣។ ភ្លាមៗនោះខ្សែការពារស្លាប Marcelo ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហម ដែលធ្វើឲ្យក្រុមភ្ញៀវ Real Madrid មានគ្នាតែ១០នាក់ក្នុងការប្រកួតម៉ោងបន្ថែមនោះ។
ចូលដល់នាទីទី១០៨ ខ្សែបម្រើ Isco របស់ Real Madrid បានរកគ្រាប់បាល់១គ្រាប់តាមស្មើវិញ។ ពេលនោះក្រុមភ្ញៀវបានបង្កើតឱកាស និងសម្រុកទៅមុខទីគូប្រកួតជារឿយៗ បើទោះបីនៅសល់គ្នា១០នាក់ក៏ដោយ ដែលមានឱកាសដល់កីឡាករ Luka Modric និង Casemiro ស៊ុតចំគោលដៅផងដែរ។ នៅនាទីទី១១៥ ខ្សែប្រយុទ្ធ Hazard ធ្វើបានសម្រេចដោយរកបាន១គ្រាប់បន្ថែមទៀតឲ្យ Real Madrid ដែលជាគ្រាប់បាល់ជួយឲ្យក្រុមនេះឡើងទៅវគ្គ៨ក្រុមចុងក្រោយ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ទៅកាន់វគ្គ៨ក្រុមចុងក្រោយ ៕ (រូបភាព ៖ BBC Sport)