មានក្រុមហ៊ុនផលិតឱសថចំនួន២៧ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផលិតឱសថ molnupiravir ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck សម្រាប់ចែកចាយដល់ប្រទេសក្រីក្រ ក្នុងតម្លៃទាប់។ ឱសថព្យាបាលកូវីដ១៩ molnupiravir នឹងឆាប់ចែកចាយដល់ប្រទេសក្រីក្រក្រោយមានក្រុមហ៊ុនផលិតជាច្រើន អាចបំពេញតម្រូវការប្រើប្រាស់បានទាន់ពេលវេលា ។ ក្នុងចំណោម២៧ក្រុមហ៊ុនដែលបានព្រមព្រៀងផលិតឱសថព្យាបាលកូវីដ១៩ នោះមានក្រុមហ៊ុន មកពីប្រទេសចិន ឥណ្ឌា ប្រទេសតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា ។ ការផលិតរបស់ក្រុមហ៊ុនទាំងនោះនឹងចែកចាយដល់១០៥ប្រទេសជុំវិញពិភពលោក ។ តាមគម្រោងនៅខែកុម្ភៈឆ្នាំ២០២២នេះ នឹងចាប់ផ្តើមចែកចាយថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩។ តាមការលើកឡើងរបស់ក្រុមហ៊ុន Merck ថ្នាំព្យាបាល មួយដូសមាន៤០គ្រាប់ សម្រាប់ព្យាបាលក្នុងរយៈពេល៥ថ្ងៃដល់អ្នកជំងឺកូវីដ១៩ ម្នាក់ ។ តម្លៃក្នុងមួយដូស៤០គ្រាប់នោះនឹងលក់ដល់ប្រទេសក្រីក្រក្នុងតម្លៃ២០ដុល្លារ។ ក្នុងពេលថ្នាំព្យាបាលកូវីដ១៩ ចរាចរណ៍ ទូលំទូលាយជុំវិញពិភពលោក នឹងជួយដល់ការគ្រប់គ្រងកូវីដ១៩ បានយ៉ាងល្អបំផុត ហើយបណ្តាប្រទេសអាចរស់នៅជាមួយកូវីដ១៩ ដោយមិនសូវមានក្តីកង្វល់នោះឡើយ៕ដោយ៖សាធី
រូបថត៖Reuters.