ខេត្តសៀមរាប ៖ ហេតុការណ៍ធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំុ ក្រុងសៀមរាប។ និស្សិតច្បាប់ម្នាក់នោះបានយកកាំភ្លើងរបស់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត( បាញ់សម្លាប់ខ្លួនឯង)នៅត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា។
ជនរងគ្រោះឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។
ទាក់ទិននឹងករណីនេះសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគឺជនរងគ្រោះកំពុងហូបចុកជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំុ ក្រុងសៀមរាប។ លុះមកដល់វេលាម៉ោង២០និង៥០នាទី ថ្ងៃខែ ឆ្នាំដដែលស្រាប់តែជនរងគ្រោះបានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា៩ ភេទប្រុស មិនស្គាល់ត្រកូល ( ជាកងរាជអាវុធហត្ថនៅរាជធានីភ្នំពេញ ) ដោយ ឈ្មោះ រតនា បានទុកអាវុធនៅលើកៅអីអង្គុយក្បែរជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ។ ភ្លាមនោះជនរងគ្រោះបានយកកាំភ្លើងខ្លីមកអាម៉េបញ្ចូលគ្រាប់ រួចហើយបាញ់ក្បាលខ្លួនឯងផ្នែកខាងស្តាំបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
តាមការបំភ្លឺរបស់ឈ្មោះប្រាក់ សារិន ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានឱ្យដឹងថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់គេបានទទួលមរណភាព កូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាងនេះក៏ចាប់ផ្ដើមមានអាការៈប្លែកៗ និយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត ហើយធ្លាប់បាននិយាយរកសម្លាប់ខ្លួនពីរដងមកហើយ។ ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកខេត្តសៀមរាបដើម្បីព្យាបាល និងលេបថ្នាំ រម្ងាប់អារម្មណ៍ជាប្រចាំថ្ងៃ។
ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា កន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបាញ់គ្រាប់ពិតនៅទីលានហ្វឹកហាត់ជាច្រើនលើក។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមគ្រួសាររបស់ខ្លួនបានទៅភ្នំពេញ ដើម្បីចូលរួមភ្ជាប់ពាក្យក្មួយ ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតក្នុងភូមិសាលាកន្សែង ហើយនៅវេលាម៉ោង១៩ និង៣០នាទី រូបខ្លួននិងក្រុមគ្រួសារបានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីងបានហូបចុកនៅខាងក្រៅ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់ គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។ ខណៈពេលកំពុងផឹកនោះកូនប្រុសរបស់ខ្លួនបានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះ ព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់។
រហូតមកដល់វេលាម៉ោងប្រហែល២១ និង ០០នាទី ខណៈពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែឮសូរសំឡេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមៗនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាមទៅហើយ។ ពេលនោះរូបខ្លួនបានលើកកូនជួយសង្គ្រោះ ប៉ុន្តែរូបគេបានស្លាប់បាត់ទៅហើយ។ ដោយពេលនោះរូបខ្លួនមិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេ ក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុកនៅកន្លែងកើតហេតុនោះវិញហើយក៏ចេញទៅបាត់ទៅ។
សមត្ថកិច្ចបន្ថែមថា យោងតាមបំភ្លឺរបស់ឪពុកជនរងគ្រោះ និងការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ, ការសន្និដ្ឋានរបស់លោកគ្រូពេទ្យជំនាញបានឱ្យដឹងថា ករណីខាងលើនេះជាករណី អត្តឃាត ( បាញ់សម្លាប់ខ្លួន )។ ចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់ អាវុធ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់។
ចំណែកវត្ថុតាង( អាវុធG-Lock17 )ត្រូវបានកម្លាំងបច្ចេកទេសធ្វើការចាប់យក ទៅរក្សាទុក។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ឈ្មោះ រតនា ហៅ ខ្លា៩ ជាកងរាជអាវុធហត្ថនៅរាជធានីភ្នំពេញ និងជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅលើករណីនេះឱ្យបានល្អិតល្អន់ថែមទៀត៕
ដោយ៖ ជីណា