ភ្នំពេញ ៖ យុវជនៗត្រូវជ្រាបអោយហើយ ! អ្នកមានស្នាមសាក់លើ ខ្លួន ដៃ ជើង មិនត្រូវបាន អនុញ្ញាត ឲ្យចូលរួម ប្រឡងក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិនោះឡើយ។ នេះបើយោងតាម បណ្ឌិត្យសភា នគរបាលកម្ពុជា បានចេញសេចក្តីជូន ដំណឹងមួយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ស្ដីពី «ការ ប្រឡងប្រជែង ជ្រើសរើសនិស្សិត អាហារូបករណ៍ ចូលសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយៈពេល ៤ ឆ្នាំ សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភា នគរបាល កម្ពុជា ដើម្បីក្លាយជានាយ នគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ» ។
សូមបញ្ជាក់ថា, បើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ទើប ទទួលបាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២ នេះ ត្រង់ចំណុចទី៤ អំពីលក្ខ ខណ្ឌជ្រើសរើស នៃសេចក្តីជូនដំណឹងនេះ ត្រង់ឃ្លាមួយ បានកំណត់ថាៈ «បេក្ខជន ទាំងពីរភេទ ត្រូវមានសុខភាពល្អ កាយ សម្បទាគ្រប់គ្រាន់ និងមាំមួន ព្រមទាំង គ្មានសាក់លើខ្លួន ដៃ ជើង»។ លក្ខខណ្ឌជ្រើសរើស នៅមានកំណត់ អំពីបញ្ហា សំខាន់ៗ មួយចំនួនទៀតផងដែរ ។
ជាការកត់សម្គាល់ នាពេលនេះ មនុស្សស្ទើរគ្រប់វ័យ ទាំងវ័យកណ្ដាល និង វ័យចំណាស់បន្តិច ផងនោះ ហាក់ មានការពេញនិយម នៃការចាក់សាក់ជា ខ្លាំង ទាំងបុរស និង ស្ត្រី ប៉ុន្តែចំពោះការប្រឡងចូលក្របខណ្ឌ នគរបាលជាតិ មិនយកជាដាច់ខាត។
សូមបញ្ជាក់ថា, អំពីលក្ខខណ្ឌជ្រើសរើស
បេក្ខជនទាំងពីរភេទត្រូវមាន៖
– សញ្ជាតិខ្មែរ
– សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
– អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
– កម្ពស់បុរស ១,៧០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
– កម្ពស់នារី ១,៦០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
– នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)
– មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើខ្លួន ដៃ ជើង – ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក(បញ្ជាក់ដោយលិខិតថ្កោលទោស ដែលផ្តល់ជូនពេលក្រោយ) និង – ឆ្លងកាត់ការធ្វើតេស្តកាយសម្បទា (ពិនិត្យអវយវៈ ការនិយាយស្តី ការស្តាប់ ការមើល ដំណើរ)
មុននឹងផ្តល់ពាក្យសុំប្រឡង។
អំពីវិញ្ញាសាប្រឡងមាន :
– វប្បធម៌ទូទៅ
– ចំណេះដឹងទូទៅទាក់ទងកិច្ចការនគរបាល។
បញ្ជាក់ : ពេលមកទំនាក់ទំនងស្នើសុំពាក្យប្រឡង បេក្ខជនទាំងពីរភេទ ត្រូវភ្ជាប់មកជាមួយនូវ ៖
– សញ្ញាបត្រ ឬលិខិតបញ្ជាក់សញ្ញាបត្រ (ច្បាប់ដើម
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)
– សំបុត្រកំណើត (ច្បាប់ដើម)
– សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ (ច្បាប់ដើម)
– បណ្ណចាក់វ៉ាក់សាំងលើកទី៣ ឬលើកទី៤៕
ដោយ : សុខ ខេមរា