លោក ប្រាក់ សុខុន៖​ យប់ម្សិលមិញ ខ្ញុំបានជូនព័ត៌មានតាមប្រព័ន្ធវីឌីអូ ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៩ ខែមករា​ ឆ្នាំ​២០២២នេះថា៖​ យប់ម្សិលមិញ ខ្ញុំបានជូនព័ត៌មានតាមប្រព័ន្ធវីឌីអូ ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា រួមជាមួយនឹងលោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោក រ៉ាម៉េស រ៉ាចាស៊ីងហេម អ្នកសម្របសម្រួលរងនៃជំនួយមនុស្សធម៌បន្ទាន់របស់អង្គការសហប្រជាជាតិ។

កិច្ចប្រជុំនេះគឺមានសារៈសំខាន់ដល់ការកៀរគរកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលមករកជីវភាពធម្មតាវិញ។ ជាថ្មីម្តងទៀត ការងារចំបងរបស់យើងនាពេលនេះ គឺការបញ្ឈប់អំពើហិង្សា និងការធានាឱ្យបានថាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ានឹងមានលក្ខណៈបរិយាប័ន្ន និងគ្មានការរារាំង។

លោក​ ប្រាក់​ សុខុន​ បានថ្លែងបន្តថា​ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ខ្ញុំវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ យើងទាំងពីរបន្តប្តេជ្ញាធ្វើការជាមួយភាគីទាំងឡាយដើម្បីសម្រេចគោលបំណងរួមរបស់យើង ជាពិសេសការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចប្រកបដោយប្រសិទ្ធភាព៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print