ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែមករា ឆ្នាំ២០២២នេះថា៖ យប់ម្សិលមិញ ខ្ញុំបានជូនព័ត៌មានតាមប្រព័ន្ធវីឌីអូ ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា រួមជាមួយនឹងលោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោក រ៉ាម៉េស រ៉ាចាស៊ីងហេម អ្នកសម្របសម្រួលរងនៃជំនួយមនុស្សធម៌បន្ទាន់របស់អង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះគឺមានសារៈសំខាន់ដល់ការកៀរគរកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលមករកជីវភាពធម្មតាវិញ។ ជាថ្មីម្តងទៀត ការងារចំបងរបស់យើងនាពេលនេះ គឺការបញ្ឈប់អំពើហិង្សា និងការធានាឱ្យបានថាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ានឹងមានលក្ខណៈបរិយាប័ន្ន និងគ្មានការរារាំង។
លោក ប្រាក់ សុខុន បានថ្លែងបន្តថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ខ្ញុំវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ យើងទាំងពីរបន្តប្តេជ្ញាធ្វើការជាមួយភាគីទាំងឡាយដើម្បីសម្រេចគោលបំណងរួមរបស់យើង ជាពិសេសការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចប្រកបដោយប្រសិទ្ធភាព៕ដោយ៖ស តារា