ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុកគូទរថយន្តពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យបុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣និង០៥នាទីត្រង់ចំណុចផ្លូវលេខ១១០ ស្ថិតក្នុងភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាត បារាំង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ បើកបរម៉ូតូម៉ាកHONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-5356។ ចំណែកភាគីខាងរថយន្តម៉ាក DAEWOO ប្រភេទបែនដឹកដី ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-5356 បើកបរដោយឈ្មោះ ប៉ាត បារាំង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បើកបរក្នុងទិសដៅពីកើតទៅលិច(ស្អាង-ភ្នំពេញ) ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្តម៉ាក DAEWOO ប្រភេទបែនដឹកដី ពណ៌ក្រហម គ្មានស្លាកលេខ បើកបតដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចពីកន្លែងកើតហេតុ)ដែលបើកបរស្របទិសគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង ភាគីរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភាពដឹកទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ រីឯម៉ូតូ០១គ្រឿងនិងរថយន្ត១គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរម៉ូតូធ្វេសប្រហែស ខ្ចីខ្ជាខ្វះការប្រុងប្រយ័ត្ន មិនមើលឧបសគ្គខាងមុខ។ ចំណែកអ្នកបើករថយន្តឈប់ទីងងឹតគ្មានភ្លើងផ្នែកខាងក្រោយ៕
ដោយ៖ស្អាងជ័យ