ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា , ប្រទេសចិននឹងផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៥លានដូសបន្តថែមទៀតបន្ទាប់ពីមានជំនួបរវាងឯកអគ្គរដ្ឋទូតចិនជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីកន្លងទៅសម្ដេចបានបញ្ជាទៅក្រសួងសុខាភិបាលទាក់ទងចិនដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសនេះចំនួន៨លានដូសបន្ថែម។ ទោះជាយ៉ាងណាក្រោយមានជំនួបរវាងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីពេលថ្មីៗនេះឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធៀន បានបញ្ជាក់ថាប្រទេសចិននឹងផ្ដល់ជូនដល់កម្ពុជាចំនួន៥លានដូស។ សម្តេចបានថ្លែង ក្នុងពិធីអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសឬស្ស៊ីកែវ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។
សម្តេចបានឲ្យដឹងថា៖ «វ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើងមានជាង៩លានដូស តែខ្ញុំបានចេញបទបញ្ជាឲ្យទិញបន្ថែម ដំបូងឲ្យទិញ៥លានដូស ពេលជួបទូតចិន គាត់ថាមិនបាច់ទិញទេ ទុកលុយទៅចិននឹងផ្តល់ជូន៥លានដូស អីចឹងខ្ញុំឲ្យទិញតែ៣លានដូសទេ។ ខ្ញុំចង់ទិញ៨លានដូសថែមទៀតមកចូលឃ្លាំង ប៉ុន្តែថ្ងៃមុននៅពេលដែលអគ្គរដ្ឋទូតចិន ជួបឯកឧត្តម ហោ ណាំហុង គាត់ថានឹងផ្តល់ជំនួយជូនកម្ពុជាតាមតម្រូវការ ឥឡូវគាត់ឲ្យ៥លានដូស បូកនឹងទិញបន្ថែម៣លានដូសទៀត សរុប៨លានដូសនឹងមកដល់នៅឆមាសទី១ ឆ្នាំ២០២២នេះ»។
ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ថា កម្ពុជាមិនមានបញ្ហាខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទេ តែបញ្ហាគឺការមកទទួលវ៉ាក់សាំងរបស់ពលរដ្ឋ ដោយសម្ដេចបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងដូសមូលដ្ឋាន និងដូសជំរុញ ជាពិសេសត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ៣ការពារ ៣កុំ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៦,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៧០% ៕
ដោយ : សិលា