ខេត្តស្វាយរៀង៖ លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងមានប្រសាសន៍ទៅកាន់មន្ត្រីកម្មសិក្សាថា សូមកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព ចំពោះការងាររបស់ខ្លួន និងប្រជាជន។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកម្មសិក្សាទាំង៦រូបដែលទេីបបានប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីរាជការចូលបម្រើការងារក្នុងសាលាខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
លោកអភិបាលខេត្តបានធ្វេីការផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
-ត្រូវគោរពពេលវេលាក្នុងម៉ោងការងារឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។
ក្នុងនាមជាមន្ត្រីត្រូវខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន។
-ត្រូវមានសាមគ្គីភាពគ្នានៅក្នុងអង្គភាព។
-កុំតាំងខ្លួនជាមន្ត្រីជេីងដប់ឲ្យសោះ ត្រូវតាំងខ្លួនជាមន្ត្រីជេីងពីរ។
-ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការ គឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ។
-ត្រូវបំពេញការងារដោយស្មោះត្រង់ និងឱ្យអស់ពីសមត្ថភាពដេីម្បីចូលរួមចំណែកក្នុងកិច្ចការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។
-ត្រូវខិតខំសិក្សា ស្វែងយល់ និងរៀនសូត្រពីចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍអង្គភាពដែលខ្លួនបម្រើការងារឱ្យកាន់តែមានការរីកចម្រើននិងមានប្រសិទ្ធភាព៕
ដោយ៖ យឹម សុថាន