មន្ត្រីប្រេស៊ីលបានប្រកាសឲ្យដឹងថាគ្រោះទឹកជំនន់បាក់ដី នៅរដ្ឋមានពលរដ្ឋរស់នៅច្រើនជាងគេបង្អស់ក្នុងប្រទេសនេះ បណ្តាលឲ្យមានមនុស្ស ១៩នាក់ស្លាប់ ។
មន្ត្រីរដ្ឋាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃទី ៣០ខែមករា(ពេលវេលាក្នុងតំបន់) ថាមានមួយគ្រួសារសមាជិក៣នាក់បានស្លាប់ ដោយការបាក់ស្រុតផ្ទះស្ថិតនៅទីក្រុង Embu das Artes ។ អភីបាលរដ្ឋ Sao Paulo លោក João Doria បានប្រកាសថា មានកុមារ៤នាក់នៅក្នុងទីក្រុង Francisco Morato បានស្លាប់ និងមនុស្ស៤នាក់ទៀតក្នុងទីក្រុង Franco da Rocha។
អភិបាលរដ្ឋលោក João Doria បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រដើម្បីត្រួតពនិត្យតំបន់រងគ្រោះដោយទឹកជំនន់។
ក្រៅពីអ្នកស្លាប់ក៏មាន មនុស្ស៩នាក់ផ្សេងទៀត ក៏បានទទួលរងរបួស និង៤នាក់ក៏ បាត់ខ្លួនផងដែរ ស្របពេលដែលប្រជាជនប្រមាណ៥០០គ្រួសារ ត្រូវបាត់បង់ទីជម្រកនៅទូទាំងរដ្ឋ Sao Paulo។ អភិបាលរដ្ឋ Sao Paulo បាន អនុញ្ញាតឱ្យផ្តល់ជំនួយបន្ទាន់ស្មើនឹងទឹកប្រាក់ជិត២.៨លានដុល្លារអាមេរិក សម្រាប់ទីក្រុងនានាដែលរងការប៉ះពាល់។
នៅពេលនេះដែររដ្ឋាភិបាលប្រេស៊ីល បានឱ្យដឹងថា ខ្លួនកំពុងតែតាមដានស្ថានការណ៍នៅរដ្ឋ Sao Paulo។ ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០២១មក ការធ្លាក់ភ្លៀងខ្លាំង បានបណ្តាលឱ្យមានការជន់លិចយ៉ាងអាក្រក់ៗ នៅតំបន់ភាគខាងកើតនៃ ប្រទេសនេះ៕ដោយ៖សាធី
រូបថត៖Laodong.vn