ខេត្តកណ្ដាល៖ ជនជាប់ចោទម្នាក់វាយគេបង្កជារបួសស្នាមហើយព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំទើបត្រឡប់មកផ្ទះវិញ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាល។ ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី ត្រង់ចំណុចភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនជាប់ចោទឈ្មោះសុខ លីកាំង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៨១ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាដែលប្រព្រឹត្តនៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០៩។
បច្ចុប្បន្នជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ