ភ្នំពេញ : អ្វីដែលមជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» បានដំណើរការមកដល់បច្ចុប្បន្ន មានរយៈពេល ១៣ឆ្នាំ គឺផ្តើមចេញពីការខិតខំប្រឹងប្រែង ពីយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ ជាអ្នកនិពន្ធ ជាបុគ្គល គ្រប់ផ្នែក គ្រប់ជំនាញ។ល។ និយាយរួមភាពជោគជ័យនេះ គឺគ្មានដានជើងអ្នកខ្ជិល។ នេះជាថ្លែងរបស់ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធី អបអរសាទរប្រារព្ធពិធីខួបគម្រប់ ១៣ឆ្នាំ ដំណើរការចេញផ្សាយ មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» កាសែត ទស្សនាវដ្តី គេហទំព័រ «នគរវត្ត» គេហទំព័រ «នគរដ្រេហ្គន» នៅចំណុចផ្លូវរ៉ាដា អគារលេខ ១១១ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» បានក្រើនរម្លឹក ដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រប់ផ្នែក ប្រកាន់អោយបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយដើម្បីជាអ្នកសារព័ត៌មានវិជ្ជាជីវៈ គឺត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈ គោរពតាមការណែនាំរបស់ក្រសួងព័ត៌មាន ។
លោកស្រីបានអរគុណ ការបំពេញការងារ របស់បុគ្គលិកយើងទាំងអស់គ្នា អនុវត្តន៍តាមតួនាទី ស្រឡាញ់ការងារពិតៗ សហការ សាមគ្គីផ្ទៃក្នុងបានល្អ ជាមួយនឹងក្រមសីលធម៌ វិជ្ជាជីវៈ ។
ដើម្បីអោយអង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ដំណើរការកាន់តែមានសក្តានុពល ប្រណាំងប្រជែងលើទីផ្សារផ្សព្វផ្សាយព័ត៌មានពិត មានមូលដ្ឋានជាក់លាក់ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងលើកតម្កល់ផលប្រយោជន៍ជាតិជាធំ គឺលោកស្រី អគ្គនាយិកា កែកុល សោភា បានរំលឹកពីប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា អំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៖
១- អ្នកសាព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៍ ពីព្រោះគ្មានអ្នកណាអានព័ត៌មានផ្អូមទេ។
២- អ្នកសារព័ត៌មាន ត្រូវស្គាល់តួនាទីខ្លួន គឺមិនត្រូវធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផងនោះទេ និងកុំធ្វើការសន្និដ្ឋានបិទផ្លូវ។
៣- អ្នកសារព័ត៌មានត្រូវរៀនអំពីរបៀបសួរសំណួរ។
៤- សារព័ត៌មានល្អ បើមានការថ្លោះធ្លោយ គឺត្រូវតែហ៊ានកែតម្រូវ។
៥- អ្នកសារព័ត៌មាន គឺកុំធ្វើការដោះដូរបំបិទព័ត៌មានជាមួយនឹងលុយកាក់។
៦- សូមបន្តពង្រឹងការបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន។
លោកស្រីបន្តថា, សម្តេច ហ៊ុន សែន បានលើកឡើងទាំងអស់នេះ គឺសម្តេចចង់បានសារព័ត៌មានយើងល្អ ពីព្រោះយើងនៅក្រោមដំបូលជាគ្រួសារតែមួយនៃដំបូលសន្តិភាព។
លោកស្រីថ្លែងថា, សូមអោយបុគ្កលិកយើងទាំងអស់គ្នា ទទួលជោគជ័យក្នុងវិជ្ជាជីវៈដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា, ពិធីប្រារព្ធពិធីខួបគម្រប់ ១៣ឆ្នាំ ដំណើរការចេញផ្សាយ សារព័ត៌មាន «នគរវត្ត» កាសែត ទស្សនាវដ្តី គេហទំព័រ «នគរវត្ត» គេហទំព័រ «នគរដ្រេហ្គន» មានការអញ្ជើញចូលរួមពីដៃគូក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ថ្នាក់ដឹកនាំ បណ្តាសហភាតា បុគ្គលិក គ្រប់ផ្នែក ជំនាញ ទទួលទានអាហារ សាមគ្គី ជាមួការប្រគំតន្ត្រី ប្រកបដោយបរិយាកាស សប្បាយរីករាយ ជាពិសេស ស្នូរសំឡេងទះដៃ ថ្លែងខ្លាំងៗទាំងអស់គ្នា ” ជោគជ័យ ជោគជ័យ ជោគជ័យ ១៣ឆ្នាំ” កន្លងមករបស់ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”៕
ដោយ : សិលា