ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌ បានថ្លែងឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃសៅរ៍ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់!
សូមជម្រាបជូនថា៖ កាលដែលចៅក្រមស៊ើបសួរសម្រេចមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ចូលជួបជាមួយជនជាប់ឃុំ ត្រូវឈរលើមូលដ្ឋាននៃច្បាប់ និងលើភាពពាក់ព័ន្ធរវាងបុគ្គលនោះ និងជនជាប់ឃុំ!
លោក គឹម សន្តិភាព ថ្លែងបន្តថា មានតែបុគ្គលដែលបានកំណត់ក្នុងច្បាប់តែប៉ុណ្ណោះ ដូចជាមេធាវីការពារសិទ្ធិ និងក្រុមគ្រួសារ ហើយដែលអ្នកទាំងនោះមិនពាក់ព័ន្ធនឹងសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំខ្លួនតែប៉ុណ្ណោះ ដែលអាចទទួលបានការអនុញ្ញាតអោយចូលជួបជនជាប់ឃុំបាន ក្រោយការពិនិត្យ និងសម្រេចរបស់តុលាការ!
រីឯបុគ្គលដែលច្បាប់ពុំបានផ្តល់សិទ្ធិ ឬបុគ្គលដែលមានសកម្មភាពពាក់ព័ន្ធជាមួយសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំ ដែលកំពុងស្ថិតក្នុងយុត្តាធិការរបស់តុលាការនោះ ជាកម្មវត្ថុនៃការមិនអនុញ្ញាតក្នុងការចូលជូបជនជាប់ឃុំនោះទេ!
សូមបញ្ជាក់ថា នៅកម្ពុជាគ្មានមាត្រាច្បាប់ណាមួយដែលចែងអំពីសិទ្ធិរបស់សង្គមស៊ីវិលក្នុងការចូលជួបជនជាប់ឃុំនោះទេ ហេតុនេះការសម្រេចរបស់ចៅក្រមក្នុងបដិសេធ មិនអនុញ្ញាតឲ្យតំណាងសង្គមស៊ីវិលចូលជួបជនជាប់ឃុំ គឺជាសិទ្ធិអំណាចតាមច្បាប់របស់តុលាការកម្ពុជា និងជាការអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីនៃច្បាប់កម្ពុជាផងដែរ!
បន្ថែមពីនេះ លោក គឹម សន្តិភាព បានសង្កត់ធ្ងន់ថា សូមសង្គមស៊ីវិល សិក្សាអំពីតូនាទី និងសិទ្ធិរបស់ខ្លួនដែលចែងក្នុងច្បាប់អោយបានច្បាស់លាស់ ហើយសូមអនុវត្តសិទ្ធិរបស់ខ្លួនក្នុងក្របខណ្ឌព្រំដែននៃច្បាប់ដែលបានកំណត់អោយបានត្រឹមត្រូវ!៕ដោយ៖ស តារា