តំបន់ Ripon ស្ថិតនៅតំបន់ដាច់ស្រយាលនៃទីក្រុងកាលី
ហ្វ័រនីញ៉ា ប៉ូលិសបានព្រមានដល់អាណាព្យាបាលពីសកម្មភាពមើលថែកូនៗ ពិសេសគឺការពាក់ម៉ាស់ ហើយប្រសិនបើបណ្តោយឱ្យកូនមិនគោរពវិធានការទប់ស្កាត់កូវីដ-១៩នោះឪពុកម្តាយនឹងត្រូវជាប់ទោស។
នៅក្នុងលិខិតផ្ញើទៅកាន់អាណាព្យាបាលនៅក្នុងសប្តាហ៍នេះ អាណាព្យាបាលទាំងអស់ត្រូវតែឱ្យកូនជាសិស្សត្រូវពាក់ម៉ាស់ពេលទៅសាលារៀន ព្រោះកុមារមិនពាក់ម៉ាស់ក៏ជាការគំរាមកំហែងដល់សុវត្ថិភាព អាយុជីវិតរបស់សិស្សផ្សេងទៀតដែរ។
ការរឹតត្បិតខាងលើបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងពីអាណាព្យាបាលនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្ខំឱ្យសិស្សសាលាពាក់ម៉ាស់ទាំងអស់គ្នា។
ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ១០៥,០២២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,០៥១នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៧,៩៦៦,៦៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩២៥,៦៥៥នាក់ និងជាសះស្បើយឡើងសរុបជាង៤៧.៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech នៅក្នុងសប្តាហ៍នេះបានប្រកាសថា ខ្លួនបានចាប់ផ្តើមដាក់ពាក្យស្នើសុំ ទៅកាន់អាជ្ញាធរសហរដ្ឋអាមេរិកហើយ ដើម្បីអនុម័តឱ្យប្រើនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនសម្រាប់ក្មេងៗអាយុក្រោម ៥ឆ្នាំ បើទោះបីជាការពិសោធន៍កន្លងមកនេះបានបង្ហាញថា វាបានជំរុញប្រព័ន្ធភាពសុំាតិចជាងការរំពឹងទុកសម្រាប់ក្មេងអាយុចាប់ពី២ឆ្នាំ ដល់៤ឆ្នាំក្តី៕ ដោយសាធី