សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបរមី ” ។

រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ” ដែលពីដំបូងឡើយគ្រោងថតផលិត ភាពយន្តភាគចំនួន ៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងរហូតដល់៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការផ្ចិតផ្ចង់និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។

នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការផលិតខ្សែភាគយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី លោក ហ៊ុយ វាសនា អ្នកដឹកនាំរឿង បានឲ្យដឹងថា ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីក្រុងពាលី គណៈកម្មការបានរៀបចំបំពេញបន្ថែមនូវសេណារីយូ ដោយបញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនពី៤៤ភាគ ដល់៥២ភាគ ដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអនុញ្ញាតឲ្យគណៈកម្មការ បានសាងសង់ទីតាំងសម្រាប់ថតសំខាន់ៗ មួយចំនួន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ នៃបញ្ជាការដ្ឋានអង្គរក្ស។ លោក ហ៊ុយ វាសនា បន្តថា ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសាទី១) បណ្តាមកពីបញ្ហាជំងឺកូវីដ១៩ និងទី២) គឺពាក់ព័ន្ធទៅនឹងតួអង្គប្រវត្តិសាស្រ្តខ្លះ ដែលត្រូវបំពេញបន្ថែម និងសម្ភារៈមួយចំនួន ត្រូវ ស្វែងរក។ ជារួមការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយក្រុមការងារ និងសិល្បៈករ សិល្បៈការិនីទាំងអស់ បានរួមគំនិតគ្នាជាធ្លុងមួយ ដើម្បីផលិតខ្សែភាពយន្តភាគប្រវត្តិសាស្រ្តមួយនេះ គោរពជូនសម្តេចទាំងទ្វេ ឲ្យបាន សម្រេចជោគជ័យ ១០០ភាគរយ។

ថ្លែងទៅកាន់គំណៈកម្មការ អ្នកនិពន្ធ អ្នកដឹកនាំរឿង ក្រុមអ្នកបច្ចេកទេសថត និងតួសំដែងទាំងអស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកជាថ្មីម្តងទៀតដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅ ថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គ ទាំងអស់ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលជារឿងភាគមួយ ទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្រ្គាម លុន ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ការចាកចេញពី មាតា បិតា បងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។ 

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តដាស់តឿនហើយ ដាស់តឿនទៀត ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសំដែងនៃតួអង្គប្រវត្តិសាស្រ្តនិមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ពិសេសតួអង្គមេបញ្ជាការ សំរេច ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឆ្លងកាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ 

សម្តេចតេជោបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាល ឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅទៅនឹងប្រវត្តិសាស្រ្តពិតដែលបានកើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល។

នៅក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារទាំងអស់ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការិនីទាំងអស់ សូមមានជោគជ័យថែមទៀត ក្នុងការថតខ្សែភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក ដើម្បីបានដាក់បញ្ចាំងឲ្យប្រជាជនកម្ពុជា ក៏ដូចអន្តរជាតិ បានសិក្សាស្វែងយល់ពី ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯង និងជាវណ្ណកម្មរបស់កូនខ្មែរ៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print