អតិថិជនរបស់ក្រុមហ៊ុនបុរី វី អាយ ភី(VIP) ប្រមាណជិត ១០០នាក់ បន្តចេញតវ៉ាទាមទារឲ្យម្ចាស់បុរី គោរពតាមកិច្ចសន្យាទិញ-លក់

ចែករំលែក៖

ភ្នំពេញ​៖​ អតិថិជនរបស់ក្រុមហ៊ុនបុរី វី អាយ ភី(VIP) ប្រមាណជិត ១០០នាក់ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញតវ៉ាទាមទារឱ្យម្ចាស់បុរី គោរពតាមកិច្ចសន្យាទិញ-លក់ ដោយសាងសង់ផ្ទះឲ្យបានទាន់ពេលកំណត់ និងសងសំណងដល់អតិថិជន តាមកិច្ចព្រមព្រៀងដែលបានចរចាកន្លងមក​ ដែលមានទីតាំងស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាក់ស្ដែង​បេី​តាមការបញ្ជាក់ពី​អតិថិជនមួយរូបមានឈ្មោះ​ សុខ រ៉ាធីណា ភេទស្រី​ ក្នុងចំណោមអតិថិជនចំនួ​ន ៨៧រូប បានឱ្យដឹងថា គោលបំណងនៃការទាមទារនេះ ដោយសារភាគីម្ចាស់បុរីសន្យាជាមួយអតិថិជនហើយ តែមិនអនុវត្តតាមការព្រមព្រៀងគ្នា។ អថិជន​រូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ការប្រគល់ផ្ទះមិនបានតាមការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ គាត់(ម្ចាស់បុរី)សន្យា ២១ខែ តែឥឡូវបីបួនឆ្នាំហើយ មិនទាន់ប្រគល់ផ្ទះ ហើយប្លង់បំបែកក្បាលដីដែលក្រុមហ៊ុនសន្យាបំបែកជូនអតិថិជន នៅពេលផ្ទះសង់បាន ៨០% ក៏មិនបានធ្វើដែរ»។

អថិជន​រូបនេះ​ បានបន្តទៀតថា​៖​« ពួកខ្ញុំនេះ មានបីបួនប្រភេទ អ្នកខ្លះបង់លុយដាច់ហើយ អត់ទាំងផ្ទះ អត់បានទាំងប្លង់ អ្នកខ្លះបង់រំលស់ ដល់ពេលកំណត់ដែលត្រូវទទួលបានហើយ ក៏អត់មានផ្ទះ អត់មានប្លង់ចេញឲ្យដែរ»។

គួរបញ្ជាក់ថា​ នៅក្នុងលិខិតរបស់អតិថិជន នៅថ្ងៃទី០៨ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ បានទាមទារឲ្យម្ចាស់ក្រុមហ៊ុន វីអាយភី ត្រូវសាងសង់ផ្ទះជូនអតិថិជន ឱ្យ​ដូចតាមកិច្ចសន្យា ដោយបញ្ចប់ការសាងសង់គ្រប់គម្រោងទាំងអស់ (១ដល់៦) នៅចុងឆ្នាំ ២០២២នេះ និងសំណង់ត្រូវតាមមាត្រដ្ឋានប្រកបដោយគុណភាព, ត្រូវបំបែកប្លង់ក្បាលដីជូនអតិថិជនដែលបានបង់ផ្តាច់ និងប្លង់ថតចម្លងសម្រាប់អតិថិជនបង់រំលស់យកទៅសិក្សាជាមួយស្ថាប័នហិរញ្ញវត្ថុណាមួយវិញ ដែលមានអត្រាការប្រាក់ទាបជាង, ត្រូវអនុញ្ញាតចំពោះការផ្អាកបង់របស់អតិថិជន ព្រោះអតិថិជនផ្អាកបង់ដោយសារដល់សុពលភាពប្រគល់ផ្ទះ ពុំមានផ្ទះប្រគល់ជូនអតិថិជនតាមកាលកំណត់។

អ្នកតវ៉ាក៏បានទាមទារឲ្យម្ចាស់បុរីវីអាយភី ផ្តល់សំណងដល់អតិថិជនឲ្យបានត្រឹមត្រូវ ចំពោះអតិថិជនដែលក្រុមហ៊ុនពុំបានប្រគល់ផ្ទះតាមកាលបរិច្ឆេទកំណត់ក្នុងកិច្ចព្រមព្រៀង។

ក្រុមអតិថិជនរបស់បុរីវីអាយភី អះអាងថា ពួកគេនឹងនៅតែបន្តទាមទារ ប្រសិនបើម្ចាស់បុរីគ្មានដំណោះស្រាយឲ្យបានទាន់ពេលវេលា។ ដោយអតិថិជន សង្កត់ធ្ងន់ថា បើម្ចាស់បុរីពុំអនុវត្តតាមការទាមទារនេះ មានន័យថា បុរីវីអាយភី ពិតជាមានចេតនាកុហក រំលោភលើទំនុកចិត្ត និងឆបោកទឹកប្រាក់របស់អតិថិជនពិតប្រាកដមែន។

ដោយ​ឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ អង្គភាពកាសែតនគរវត្ត​ព្យាយាម​ទាក់ទងលោក វ៉ន វណ្ណៈ ម្ចាស់បុរីវីអាយភី ដើម្បីសុំការបំភ្លឺ​ជុំវិញករណីនេះដែរ​ ប៉ុន្តែមិនអាចទំនាក់ទំនងបាននោះទេ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៨​ ខែកុម្ភៈ​នេះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print