លោករដ្ឋមន្ត្រី វេង សាខុន ចុះហត្ថលេខា និងដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

ចែករំលែក៖

ភ្នំពេញ : នៅសណ្ឋាគារ រ៉ាហ្វល់ឡឺរ៉ូយ៉ាល់ ភ្នំពេញ វេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ មានរៀបចំពិធីចុះហត្ថលេខា  និងដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ។ ពិធីដ៏មានសារសំខាន់នេះស្ថិតក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកស្រី កាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយក៏មានវត្តមានភ្ញៀវជាតិ អន្តរជាតិដែលអញ្ជើញមកពីអង្គការសហប្រជាជាតិដើម្បី អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជា លោក Ali Badarneh នាយកផ្នែកប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៃអង្គការ UNIDO ឯកឧត្តមតំណាងគ្រឹះស្ថានឧត្តមសិក្សា សាស្រ្តាចារ្យអញ្ជើញមកពីសកលវិទ្យាល័យឡាវ៉ាល់ប្រទេសកាណាដា លោកឧកញ៉ាតំណាងវិស័យឯកជន។ 

ជាបឋម លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក អាលី បាដានេ (Ali Badarneh) នាយកផ្នែកប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៃអង្គការ UNIDO បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីសាវតានៃពិធីដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ និងជាពិសេសបានរំលេចអំពីអត្ថប្រយោជន៍នៃកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានក្នុងការជំរុញ គាំទ្រដល់ការអភិវឌ្ឍអនុវិស័យជលផល ទាំងផ្នែកវារីវប្ប កម្មទឹកសាប និងសមុទ្រ ការកែច្នៃ និងការនាំចេញ ដោយត្រូវធានាឲ្យបានទាំងបរិមាណ គុណ ភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារក្នុងស្រុក និងនាំចេញ។ ពិធីនេះគឺជាជំហានថ្មីមួយទៀតសម្រាប់អនុវិស័យជលផល ឈានឆ្ពោះទៅរកការអភិវឌ្ឍ ចំទិសដៅ ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០។ 

លោករដ្ឋមន្ត្រី បានបង្ហាញពីមោទនភាព ចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋបាលជលផល ភាគីជាតិ-អន្តរជាតិពាក់ព័ន្ធទាំងអស់ ដែលបានសហការ ជំរុញ និងគាំទ្រឲ្យមានពិធីដ៏មានសារ:សំខាន់នេះឡើង តាមមាគារមួយគឺរួមចំណែកអភិវឌ្ឍអនុវិស័យជលផល តាមរយ:ការកសាងភាពជាដៃគូរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ដូចវាគ្មិនជម្រាបជូនខាងដើម ដោយឈរលើមូលដ្ឋានសំខាន់ៗ ៣ គឺ៖ 

១- ភាពចាំបាច់នៃការជំរុញពិពិធកម្មអនុវិស័យជលផល សំដៅដល់ការកែច្នៃ និងនាំចេញ

២- ពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់គ្រឹះស្ថានឧត្តមសិក្សា ដែលអាចសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងអនុវត្តជាក់ស្តែង និង

៣- ជំរុញ និងគាំទ្រដល់ការកែច្នៃ ដែលនាំទៅដល់ការប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក ជំរុញដល់ការពង្រីកវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។ 

លោករដ្ឋមន្ត្រីបានបន្តថា ស្ថិតក្នុងបរិបទនេះគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវ គឺជាដៃគូរសមស្របបំផុតសម្រាប់ជួយវិស័យឯកជន ដើម្បីធ្វើការកែលម្អគុណភាព នវានុវត្តន៍ផលិតផល និងដោះស្រាយបញ្ហា។ ហេតុដូច្នេះហើយ បានជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ បាននឹងកំពុងធ្វើកិច្ចការសំខាន់ពីរ៖ ១. ការចរចារជាមួយភាគីចិនដើម្បីនាំត្រីប្រាកម្ពុជាទៅកាន់ប្រទេសចិន និងទី២. ការធ្វើពិពិធកម្មផលិតផល កែលម្អខ្សែច្រវាក់ផលិតកម្ម និងកែច្នៃ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ស្តង់ដារផលិត គុណភាព សុវត្ថិភាព ខ្សែច្រវាក់តម្លៃបន្ថែម និងកំណើនប្រាក់ចំណូលរបស់វារីវប្បករ។ ព្រឹត្តិការណ៍ដែលយើងកំពុងប្រារព្វនាពេលនេះ វានឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើការងារសិក្សាស្រាវ ជ្រាវអំពីខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល បច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍។ 

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលជលផល លើកិច្ចការចរចារជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយសង្ឃឹមថាកិច្ចសហការនេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងពិតប្រាកដជូនវារីវប្បករ និងអ្នកបរិភោគ និងជាពិសេសដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីពិនិត្យពិចារណាផ្តល់ការគាំទ្របន្ថែម និងធ្វើការវិនិយោគលើអនុវិស័យកែច្នែផលិតផលវារីវប្បកម្មនាពេលអនាគត ហើយប្រាកដ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាពិធីចុះហត្ថលេខានាពេលនេះ ពិតជាជំហានចាប់ផ្តើមថ្មីមួយ ទៀត ដែលត្រូវនាំគ្នាដើរឲ្យដល់គោលដៅរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០-២០៥០

ហើយលោកបានបង្ហាញឆន្ទ:គាំទ្រយ៉ាងពេញលេញចំពោះការបង្កើត និងដាក់ឱ្យដំណើរការថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនាពេលនេះ។ 

តាមរបាយការណ៍របស់រដ្ឋបាលជលផល បានឲ្យដឹងថា “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយជីរភាព និងបរិយាប័ន្ន (CAPFish)” គឺជាកម្មវិធីជលផលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប ដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យ រយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ អង្គការ UNIDO ទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋបាលជលផល អនុវត្តសមាសភាគមួយនៃកម្មវិធី CAPFish គឺគម្រោងការអភិវឌ្ឍផលជលផលក្រោយប្រមូលផល

ដែលផ្តោតទៅលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ ការកែច្នៃ ការពង្រឹងសមត្ថភាព ស្ថាប័ននៃអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាព កសាងសមត្ថភាពដែលពាក់ ព័ន្ធ ការអភិវឌ្ឍជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការផ្ដល់ថវិកាបដិភាគ សម្រាប់វិនិយោគ និងបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ធានាបាននូវនិរន្តរភាព។ តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចបង្កើត ថ្នាលស្រាវ ជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ មួយដែលជាយន្តការសហប្រតិបត្តិការត្រីភាគី រួមមានស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ដើម្បីលើកកម្ពស់ការស្រាវជ្រាវ នវានុវត្តន៍ និងផ្ទេរបច្ចេកវិទ្យា ឆ្លើយតប ទៅនឹងតម្រូវការរបស់វិស័យឯកជន។ ថ្នាលនេះនឹងសម្របសម្រួលកិច្ចការសំខាន់ៗចំនួន៥ ៖

១. តម្រង់ទិសដៅស្រាវជ្រាវ និងនវានុវត្តន៍ និងគំនិតផ្តួចផ្តើមក្នុងការផ្ទេរបច្ចេកវិទ្យាពីគ្រឹះស្ថានឧត្តមសិក្សា ទៅវិស័យឯកជន

២. បង្កើតឱ្យមានសេវាស្រាវជ្រាវ និងលទ្ធភាពប្រើប្រាស់សេវាទាំងនោះ

៣. បណ្តុះបណ្តាលដោយផ្តោតលើកម្លាំងពលករជំនាញក្នុងវិស័យផលិតកម្ម 

៤. អភិវឌ្ឍកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន

៥. ដើរតួនាទីជាវេទិកាប្រមូលផ្តុំ ចងក្រងជាបណ្តាញ និងផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង

លោក និងអស់លោកដែលមានឈ្មោះដូចខាងក្រោម បានអញ្ជើញចុះហត្ថលេខាលើលក្ខន្តិក: ភាពជាដៃគូស្តីពីការបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេក វិទ្យាអាហារ ៖ 

១- លោក សុខ ណារិន តំណាងអង្គការ UNIDO 

២- លោកបណ្ឌិត អ៊ុម រម្យនា នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា 

៣- លោកបណ្ឌិត សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង

៤- លោកបណ្ឌិត ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម 

៥- បណ្ឌិត ភិន សុភាព នាយករងនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

៦- ឧកញ៉ា តែ តាំងប៉ោ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម 

៧- លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា

៨- លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល 

៩- លោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print