ភ្នំពេញ៖ អតិថិជនរបស់ក្រុមហ៊ុនបុរី វី អាយ ភី(VIP) ប្រមាណជិត ១០០នាក់ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញតវ៉ាទាមទារឱ្យម្ចាស់បុរី គោរពតាមកិច្ចសន្យាទិញ-លក់ ដោយសាងសង់ផ្ទះឲ្យបានទាន់ពេលកំណត់ និងសងសំណងដល់អតិថិជន តាមកិច្ចព្រមព្រៀងដែលបានចរចាកន្លងមក ដែលមានទីតាំងស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីអតិថិជនមួយរូបមានឈ្មោះ សុខ រ៉ាធីណា ភេទស្រី ក្នុងចំណោមអតិថិជនចំនួន ៨៧រូប បានឱ្យដឹងថា គោលបំណងនៃការទាមទារនេះ ដោយសារភាគីម្ចាស់បុរីសន្យាជាមួយអតិថិជនហើយ តែមិនអនុវត្តតាមការព្រមព្រៀងគ្នា។ អថិជនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ការប្រគល់ផ្ទះមិនបានតាមការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ គាត់(ម្ចាស់បុរី)សន្យា ២១ខែ តែឥឡូវបីបួនឆ្នាំហើយ មិនទាន់ប្រគល់ផ្ទះ ហើយប្លង់បំបែកក្បាលដីដែលក្រុមហ៊ុនសន្យាបំបែកជូនអតិថិជន នៅពេលផ្ទះសង់បាន ៨០% ក៏មិនបានធ្វើដែរ»។
អថិជនរូបនេះ បានបន្តទៀតថា៖« ពួកខ្ញុំនេះ មានបីបួនប្រភេទ អ្នកខ្លះបង់លុយដាច់ហើយ អត់ទាំងផ្ទះ អត់បានទាំងប្លង់ អ្នកខ្លះបង់រំលស់ ដល់ពេលកំណត់ដែលត្រូវទទួលបានហើយ ក៏អត់មានផ្ទះ អត់មានប្លង់ចេញឲ្យដែរ»។
គួរបញ្ជាក់ថា នៅក្នុងលិខិតរបស់អតិថិជន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទាមទារឲ្យម្ចាស់ក្រុមហ៊ុន វីអាយភី ត្រូវសាងសង់ផ្ទះជូនអតិថិជន ឱ្យដូចតាមកិច្ចសន្យា ដោយបញ្ចប់ការសាងសង់គ្រប់គម្រោងទាំងអស់ (១ដល់៦) នៅចុងឆ្នាំ ២០២២នេះ និងសំណង់ត្រូវតាមមាត្រដ្ឋានប្រកបដោយគុណភាព, ត្រូវបំបែកប្លង់ក្បាលដីជូនអតិថិជនដែលបានបង់ផ្តាច់ និងប្លង់ថតចម្លងសម្រាប់អតិថិជនបង់រំលស់យកទៅសិក្សាជាមួយស្ថាប័នហិរញ្ញវត្ថុណាមួយវិញ ដែលមានអត្រាការប្រាក់ទាបជាង, ត្រូវអនុញ្ញាតចំពោះការផ្អាកបង់របស់អតិថិជន ព្រោះអតិថិជនផ្អាកបង់ដោយសារដល់សុពលភាពប្រគល់ផ្ទះ ពុំមានផ្ទះប្រគល់ជូនអតិថិជនតាមកាលកំណត់។
អ្នកតវ៉ាក៏បានទាមទារឲ្យម្ចាស់បុរីវីអាយភី ផ្តល់សំណងដល់អតិថិជនឲ្យបានត្រឹមត្រូវ ចំពោះអតិថិជនដែលក្រុមហ៊ុនពុំបានប្រគល់ផ្ទះតាមកាលបរិច្ឆេទកំណត់ក្នុងកិច្ចព្រមព្រៀង។
ក្រុមអតិថិជនរបស់បុរីវីអាយភី អះអាងថា ពួកគេនឹងនៅតែបន្តទាមទារ ប្រសិនបើម្ចាស់បុរីគ្មានដំណោះស្រាយឲ្យបានទាន់ពេលវេលា។ ដោយអតិថិជន សង្កត់ធ្ងន់ថា បើម្ចាស់បុរីពុំអនុវត្តតាមការទាមទារនេះ មានន័យថា បុរីវីអាយភី ពិតជាមានចេតនាកុហក រំលោភលើទំនុកចិត្ត និងឆបោកទឹកប្រាក់របស់អតិថិជនពិតប្រាកដមែន។
ដោយឡែកពាក់ព័ន្ធករណីខាងលេីនេះ អង្គភាពកាសែតនគរវត្តព្យាយាមទាក់ទងលោក វ៉ន វណ្ណៈ ម្ចាស់បុរីវីអាយភី ដើម្បីសុំការបំភ្លឺជុំវិញករណីនេះដែរ ប៉ុន្តែមិនអាចទំនាក់ទំនងបាននោះទេ នៅរសៀលថ្ងៃអង្គារទី០៨ ខែកុម្ភៈនេះ៕ដោយ៖សហការី