ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្ញើរសារដល់ជនរួមជាតិយ៉ាងដូច្នេះថា, សភាពការណ៍បច្ចុប្បន្នរបស់យើង ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បាននឹងកំពុងកើនឡើង ដែលថ្ងៃនេះចំនួនឆ្លងឡើងលើសចំនួន២០០ករណី បន្ទាប់មានការធ្លាក់ចុះនៅត្រឹម១ខ្ទង់ ឥឡូវយើងឡើងដល់៣ខ្ទង់ លើពី១០០ ទៅជាង២០០ សភាពការណ៍បែបនេះតម្រូវអោយមាន វិធានការការពារ បន្ថែមទៅលើវិធានការដែលមានរួចមកហើយ ។
សម្តេចតេជោ បានបន្តថា, ខ្ញុំសូមយកឱកាសនេះអំពាវនាវ ដល់ជនរួមជាតិ សូមមេត្តាយោគយល់ ទៅលើកិច្ចការពារខ្លួន ក្នុងនោះបញ្ហាពាក់ព័ន្ធជាមួយ ការជួបជុំ ឬការប្រមូលផ្តុំ ក៏ដូចជាពិធីទាំងឡាយដែលយើងបានអនុវត្តរួចមកហើយ ដើម្បីការពារ។ សម្តេចតេជោបន្តថា, ប្រសិនបើយើងម្នាក់ៗ មិនការពារ ជំងឺនេះ ឆ្លងរីករាលដាលយ៉ាងដូច្នេះដែរ។ សម្តេចតេជោ ហ៊ុនសែន លើកឡើងថា ,បន្ទាប់ពីចូលឆ្នាំចិន-វៀតណាម រួចហើយ យើងបានសង្កេតឃើញថា, នៅកម្ពុជាយើងក៏មានករណីកើតឡើងលើការឆ្លង នៅព្រះរាជាណាចក្រថៃ ក៏មានការករណីឆ្លងច្រើនកើនឡើង ហើយនិងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជានៅក្នុងប្រទេសបណ្តាអាស៊ានដទៃទៀត ដែលមានការកើនឡើង ដូច្នេះ ចំពោះប្រជាពលរដ្ឋកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយ ដើម្បីធានារក្សានូវការគម្លាត សម្រាប់ការពារនូវការឆ្លង បើទោះមេរោគបច្ចុប្បន្ននៅកម្ពុជា ពុំមានករណី ដែលតា ដែលជាជំងឺដ៏កាចសាហាវ ឆក់យកជីវិតប្រជាជនក៏ដោយចុះ គឺជំងឺ អូមីក្រុង បានមកជំនួស ជំងឺដែលតា ពិតមែនតែជំងឺនេះវាស្រាល ធៀបជាមួយ ដែលតា និងអាល់ហ្វា ប៉ុន្តែបើការឆ្លងនេះនៅតែកើតឡើងខ្ពស់ វាអាចឆ្លងសាងភាយពីរាជធានីភ្នំពេញ និងបណ្តាខេត្ត ហើយឥឡូវនេះខេត្តមួយចំនួន មិនមានករណីឆ្លងទេ តែនៅរាជធានីភ្នំពេញ បែរជាមានចំនួនឆ្លងច្រើន ដូច្នេះសូមយកចិត្តទុកដាក់ការពារ តាមវិធានការទាំងឡាយ នៅតាមទីកន្លែងដែលមានការបើកអោយធ្វើអាជីវកម្មជាដើម៕