ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ក្នុងទិសដៅបញ្រ្ជាបការយល់ដឹងដល់សាធារណៈជនទូទៅជាពិសេសធុរជន ពាក់ព័ន្ធនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រី ក.ប.ប. អនុវត្តគោលការណ៍ អប់រំណែនាំក៏ដូចជាអនុវត្តច្បាប់ទន្ទឹមគ្នា។ ដូចនេះ យើងសង្កេតឃើញថាអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈហាក់មានការថយចុះ។
ប្រភពដដែលបន្តថា មន្ត្រី ក.ប.ប. នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្តប្រតិបត្តិការអធិការកិច្ចលើអាជីវកម្មប្រេងឥន្ធនៈសរុបចំនួន ២៨ស្ថានីយ និងដេប៉ូ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកទ្រាំង ខេត្តតាកែវ ដែលក្នុងនោះមន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈមិនមានអនុលោមភាពតែ៧ប៉ុណ្ណោះ។
ជាក់ស្ដែងលទ្ធផលនេះអាចឆ្លុះបញ្ចាំងពីការយល់ដឹង និងការចូលរួមរបស់ធុរជនពាក់ព័ន្ធនឹងការអនុវត្តច្បាប់។ ប៉ុន្តែទោះជាយ៉ាងណាមិញ ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រី ក.ប.ប.ចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតែម្តង។
គួរបញ្ជាក់ថា មន្រ្ទីជំនាញ នៅតែបន្តការពារសិទ្ធិដល់អ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ និងអំពើមិនស្មោះត្រង់ណាមួយតាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងភូមិសាស្រ្តរាជធានី ខេត្ត ក្រុង ជារៀងរាល់ថ្ងៃផងដែរ៕
ដោយ៖ស តារា