មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកRi su yong បានចោទប្រកាន់អាមេរិកថាបានព្យាយាមផ្តួលរលំរដ្ឋាភិបាលកូរ៉េខាងជើង
សារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកRi Su Yong កាលពីថ្ងៃទី២១ខែមេសាកន្លងមកបានថ្លែងថា កូរ៉េខាងជើងគ្មានជម្រើសអ្វីក្រៅពីបង្កើនកម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូរបស់ខ្លួនដើម្បីទប់ទល់ជាមួយនឹងការគម្រាមកំហែងពីអាមេរិក។
លោកRi Su Yong បានលើកឡើងពីស្ថានភាពខាងលើនៅក្នុងសន្តរកថានៅកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីអំពីការអភិវឌ្ឍន៍រឹងមាំរហូតដល់ឆ្នាំ២០៣០។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា អាមេរិកកំពុងតែធ្វើលំហាត់ក្នុងការធ្វើសង្គ្រាមបរមាណូជាមួយកូរ៉េខាងជើង ។ ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់នៅក្នុងការធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងជើងជារៀងរាល់ឆ្នាំ។
លោកRi su yong បញ្ជាក់ថា«ដើម្បីលុបបំបាត់ការគម្រាមកំហែង ដោយបរមាណូ យើងបានព្យាយាមចចារ តាមច្បាប់អន្តរជាតិ ប៉ុន្តែគ្រប់យ៉ាងត្រូវបានរលាយ»។ ទាំងនោះហើយអ្វីដែលកូរ៉េខាងជើងអាចទប់ទល់ជាមួយអាមេរិកបានគឺគ្រាប់បែកបរមាណូ ទើបអាចទប់ទល់និងបរមាណូបាន។
លោក Ri su yong បន្តទៀតថា ការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង គឺជាឧបស័គ្គយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍រឹងមាំរបស់ពិភពលោក ។ លោកបញ្ជាក់ទៀតថាៈ អាមេរិកព្យាយាមផ្តួលរលំមេដឹកនាំកូរ៉េខាងជើងតាមរយៈការឡោមព័ទ្ធសេដ្ឋកិច្ច មិនមែនជាទង្វើររបស់ប្រទេសមហាអំណាចឡើយ។
ឆ្លើយតបទៅនឹងការប្រកាសរបស់កូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា អាមេរិកនៅតែបើកទ្វារចចារជាមួយកូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងជើងត្រូវតែសន្យាគោរពតាមច្បាប់ស្តីពីកម្មវិធីបរមាណូ។
កន្លងមកមេដឹកនាំកូរ៉េខាងជើងបានប្រកាសថាកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងបានបោះមួយជំហានទៅមុខជាប្រវត្តិសាស្រ្ត។ ជាប្រវត្តិសាស្រ្ត ព្រោះកូរ៉េខាងជើងទើបបានធ្វើការសាកល្បងប្រកបដោយជោគជ័យនូវម៉ាស៊ីនបាញ់បញ្ជូនគ្រាប់មីស៊ីលដែលដើរដោយផលិផលលាយផ្សំរវាងប្រេង និងម្សៅចំហេះ នេះជាព័ត៌មានចុះផ្សាយដោយមធ្យោបាយឃោសនាមហាជនកូរ៉េខាងជើង។
« គឺជាថ្ងៃប្រវត្តិសាស្រ្ត និងមិនអាចបំភ្លេចបានទេ » នេះជាការថ្លែងរបស់មនុស្សខ្លាំងកូរ៉េខាងជើង គីម ជុនអ៊ុន។ លោកគីម ជុនអ៊ុនដែលបានចូលរួមបញ្ជាផ្ទាល់នៅក្នុងការសាកល្បងម៉ាស៊ីនបាញ់បញ្ជូនគ្រាប់មីស៊ីលដែលដើរដោយផលិតផលលាយបញ្ចូលគ្នារវាងប្រេង និងគ្រឿងបញ្ឆេះ។ ខណៈនេះ នៅមិនទាន់មានប្រតិកម្មយ៉ាងម៉េចពីសហគមន៍អន្តរជាតិជុំវិញទង្វើថ្មីរបស់កូរ៉េខាងជើងនៅឡើយទេ តែក្រុមអ្នកជំនាញបានយល់ឃើញថា របបក្រុងព្យុងយ៉ាងធ្លាប់បានប្រើផលិតផលប្រភេទនេះរួចហើយនៅក្នុងការបាញ់បញ្ជូនគ្រាប់មីស៊ីលចម្ងាយជិត តែនៅមិនទាន់បានសាកល្បងជាមួយគ្រាប់មីស៊ីលចម្ងាយមធ្យម និងចម្ងាយឆ្ងាយទេ។
យ៉ាងណាក៏ដោយ ទង្វើថ្មីរបស់ក្រុងព្យុងយ៉ាងពេលនេះមិនមែនជារឿងគួរឲ្យត្រេកត្រអាលឡើយ ព្រោះវានឹងធ្វើឲ្យស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េដែលកំពុងតានតឹងស្រាប់រឹតតែឡើងក្តៅខ្លាំងមួយកម្រិតទៀត។
សូមជម្រាបជូនថា គ្រាន់តែនៅ ៣ខែដើមឆ្នាំ ២០១៦ នេះ របបក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលចំនួន ៤ដង។ ម្យ៉ាងទៀត ការប្រកាសរបស់លោកគីម ជុនអ៊ុនថ្ងៃនេះបានកើតមានឡើង ចំពេលដែលលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហេបានបញ្ជាឲ្យកងទ័ពប្រុងប្រយ័ត្នកម្រិតខ្ពស់ និងត្រៀមជើងព្រួលទប់ស្កាត់រាល់ការគម្រាមរបស់កូរ៉េខាងជើង។
ដោយឡែក និងបន្ថែមលើទណ្ឌកម្មរបស់បស្ចិមលោក និងសហគមន៍អន្តរជាតិនាពេលកន្លងមក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកោះហៅក្រុមអ្នកជំនាញឯករាជ្យមានសមាជិក ៤៧នាក់ ឲ្យអនុម័តលើសេចក្តីសម្រេចចិត្តមួយអូស ក ថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើងទៅកាត់ទោសក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ គឺជាសេចក្តីសម្រេចចិត្តមួយដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងប្រទេសជប៉ុន៕
ដោយ មែវ សាធី