ខេត្តមណ្ឌលគិរី៖ សត្វទន្សោងមួយក្បាល ត្រូវបានជនសង្ស័យចំនួន៤នាក់សម្លាប់ដោយវះយកសាច់ និងកាត់ក្បាលដាក់ក្នុងការ៉ុង ដឹកនឹងម៉ូតូចំនួន៣គ្រឿងបំរុងយកទៅលក់ ត្រូវបានមន្ត្រីអនុវត្តច្បាប់ព្រៃការពារមណ្ឌលគិរី ដែលដឹកនាំដោយ លោក ឡុង ប៊ុង ប្រធានព្រៃការពារមណ្ឌលគិរី បានធ្វើការឃាត់ខ្លួននៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចយូធីអឹមលេខ(0745910- 1447538) នៅក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ជនសង្ស័យទី១ឈ្មោះ ធីន ក្រាក់ ភេទប្រុស អាយុ៥៨ឆ្នាំ ទី២ឈ្មោះ ក្រាក់ ឡេវ ភេទប្រុស អាយុ១៩ឆ្នាំ ទី៣ឈ្មោះ ញ៉ន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ទី៤ឈ្មោះ ក្រាក់ សុខា ភេទប្រុស អាយុ២៧ឆ្នាំ ហើយជនសង្ស័យលើនេះជាជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំ ស្រែហុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នជនសង្ស័យ និងសាច់សត្វទន្សោងទម្ងន់១៤៥គីឡូក្រាម ត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់៕
...
ដោយ៖ វុទ្ធឦសាន