ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានធ្លាក់ទឹកស្រះក្បែរផ្ទះលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារជួយសង្គ្រោះធ្វើចលនាដៃជើង តែអកុសលហួសពេលទៅហើយ ខណៈដែលឪពុកម្ដាយរវល់ការងារភ្លេចខ្លួនមើលកូនមួយភ្លែត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងខាងលើមានឈ្មោះសន ស៊ានចាន់សុខហេង អាយុ៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីជាម្ដាយបានទុកកូនឱ្យដើរលេងលើដីព្រោះគាត់ជាប់រវល់ធ្វើការងារនៅផ្ទះ។ លុះមួយស្របក់ក្រោយមកក៏នឹកឃើញកូនទើបស្រែកហៅតែមិនឮឆ្លើយតបទើបដើររកស្រាប់តែប្រទះឃើញលង់ទឹកស្រះបង្កការភ្ញាក់ផ្អើលនិងហៅអ្នកភូមិឱ្យជួយសង្គ្រោះធ្វើចលនាដៃជើង តែអកុសលហួសពេលទៅហើយ។
បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនខណ:មិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន