ខេត្តសៀមរាប : សមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ ដែលកើតចេញពីកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគិតគូគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសតែមួយគត់របស់ប្រជាជនយើង។ ទោះក្នុងកាលៈទេសៈណា ថ្នាក់ដឹកនាំគណបក្សមិនដែលរត់ចោលប្រជាពលរដ្ឋខ្លួន ប៉ុន្តែផ្ទុយទៅវិញ បានបូជាលះបង់ដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋយើង។ នេះជាលើកឡើងរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
លោកបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តសៀមរាប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ក្រើនរំលឹកដល់ជនរួមជាតិផងដែរថា, យោងព័ត៌មានជាបន្តបន្ទាប់ស្តីពីការកើនឡើងនូវករណីឆ្លងថ្មី (និងមរណៈភាព ០២ រូប) កាលពីម្សិល ដែលបណ្តាលមកពីវីរុស Omicron ខ្ញុំសូមអំពាវនាវជាថ្មី ដល់លោកតាលោកយាយ អ៊ុំពូមីង បងប្អូន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធាន ០៣កុំ ០៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំនានា ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនូវសន្ទុះនៃការឆ្លងថ្មីនេះ។ សហគមន៏យើងមានសុវត្ថិភាព លុះណាតែយើងទាំងអស់គ្នាចូលរួម ដែលរាប់ទាំងការចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្តគ្រប់យន្តការ ស្ថាប័ន និងនិន្នាការផងដែរ៕
ដោយ : សុខ ខេមរា