ព្រែកកំពង់ស្មាច់៖ គឺជាតំបន់ដែលមានសក្តានុពល​សម្បូរបែប នៃធម្មជាតិតំបន់ឆ្នេរ​ ,ព្រៃកោងកាង ,ស្មៅសមុទ្រ, ផ្កាថ្ម ,ក្តាម និងបង្គា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ព្រែកកំពង់ស្មាច់ ជាតំបន់ដែលមានសក្តានុពល​សម្បូរបែប នៃធម្មជាតិតំបន់ឆ្នេរមានដូចជា ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ក្តាម បង្គា ។ល។ នេះបេីយោង​តាម​ការបញ្ជាក់​ពីលោក​ គង់​ វិតាណៈ​ អភិបាលរងខេត្តព្រះសីហនុ​។ ​

ជាក់ស្ដែង​លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ​ ដឹកនាំកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

យោង​តាម​រាយការណ៍ជូនអង្គប្រជុំតបស់លោក​ គង់​ វិតាណៈ​ អភិបាលរងខេត្ត​ បានជ្រាបថា​ ស្រុកព្រៃនប់ មានព្រែក ៣សំ ខាន់ៗមានដូចជា ព្រែកទឹកសាប ព្រែកកំពង់ស្មាច់ និងព្រែកទាល់។ ដោយឡែកព្រែកកំពង់ស្មាច់មានទេសភាពស្រស់ស្អាត និងប្រព័ន្ធអេកូឡូស៊ីល្អបំផុត មានដែននេសាទសម្រាប់សហគមនេសាទ​ តំបន់ឆ្នេរគ្របដណ្ដប់ដោយព្រៃកោងកាងដ៏វិសេសវិសាល។ ព្រែកកំពង់ស្មាច់ទទួលប្រភពទឹកពីដៃស្ទឹងតូច ធំចំនួន១៦។ ព្រែកកំពង់ស្មាច់ មានកោងកាងចំនួន ៣៩ប្រភេទ ដោយ២៣ប្រភេទដាំ ដុះឡើងវិញ និង១៦ប្រភេទដុះក្នុងតំបន់តែម្ដង ហេីយវាមានកម្ពស់២៥ម៉ែត្រ អង្កត់ផ្ចិត ០,៨០ម៉ែត្រ អំណោយផលដល់ប្រភេទខ្យងសមុទ្រ គ្រែងឈាម និងក្តាម លើសពីនេះមានសត្វល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត។

ដើម្បីសម្រេចបាននូវទស្សនវិស័យផែនការគ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់​ យើងបានកំណត់នូវគោលដៅចំនួន៤៖

ទី១.ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពធនធានជលផលសមុទ្រ និងជីវ:ចម្រុះដែលបាត់បង់ក្នុងតំបន់ព្រែកកំពង់ស្មាច់

២.ការពារ និងអភិរក្សនូវប្រភេទសត្វកម្រ​ ងាយរងគ្រោះ និងទីជម្រករបស់វា

៣.លើកកម្ពស់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យប្រសើរឡើង

៤.ពង្រឹងនូវអភិបាលកិច្ចល្អក្នុងតំបន់ព្រែកកំពង់ស្មាច់ ទាំងសមត្ថភាពក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ និងជីវៈចម្រុះក្នុងតំបន់ព្រែកកំពង់ស្មាច់ប្រកបដោយនិរន្តរភាព។

នាឱកាសនោះ​ លោក​ គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា ក្នុងទំនប់ប៊ុលឌែ មិនអនុញ្ញាតឱ្យមាន ការកាប់បំផ្លាញព្រៃកោងកាង។ យើងត្រូវកំណត់តួលេខផ្ទៃដីដែលត្រូវដាំដុះព្រៃកោងកាងឱ្យបានច្បាស់លាស់ ទន្ទឹមនោះត្រូវធ្វើការឯកភាពគ្នាកំណត់ដែនជលផលព្រែកកំពង់ស្មាច់ ដើម្បីធានាថាធនធានព្រៃកោងកាង និងជីវ:ចំរុះនានាត្រូវបានការពារ និងអភិរក្ស តាមរយៈការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក​ និងឃុំ ត្រូវរៀបចំចលនាបំផុសបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមនេសាទ កុំឱ្យកាប់បំផ្លាញព្រៃ កោងកាង ដោយត្រូវរួមគ្នាថែរក្សា អភិរក្ស និងដាំដុះព្រៃកោងកាងនៅក្នុងដែនសហគមនេសាទឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print