រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គី គីរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ ២០២២ បានអញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គី គីរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

នាឱកាសនោះ​ លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសមិទ្ធផលនានានៅវត្តសាមគ្គី គីរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វត្តមានព្រះសង្ឃគង់នៅ ១៥អង្គ និងគណៈកម្មការអាចារ្យ ៨នាក់។ វត្តនេះបានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៨៩ ដោយសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋ។ ព្រះវិហារថ្មី ដែលរៀបចំពិធីកាត់ឫសសីមានាពេលនេះ បានកសាងឡើងតាមរចនាបថខ្មែរ តាមប្រពៃណីព្រះពុទ្ធសាសនា មានក្បូរក្បាច់រចនាស្របតាមវប្បធម៌ អរិយធម៌ជាតិ ដែលមានទទឹង ៩,៥ម៉ែត្រ បណ្ដោយ២១,៥ម៉ែត្រ កម្ពស់១៦ម៉ែត្រ ធ្វើអំពីបេតុងប្រក់ដំបូលក្បឿង ចាប់ផ្ដើមកសាងកាលពីថ្ងៃទី១៩​ ខែកុម្ភៈ ឆ្នាំ២០១៥ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន៣៨០.០០០ដុល្លារអាមេរិក។

សមិទ្ធផលនានាក្នុងវត្តសាមគ្គីគីរីស្ទឹងឆាយ កើតឡើងពីការចូលរួមបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ខ្ញុំសូមធ្វើការកោតសរសើរ និងសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំលះបង់ យកអស់កម្លាំងព្រះកាយ ព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធាន ក្នុងការគ្រប់គ្រង អភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរហូតកសាងបានព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តសាមគ្គីគីរីស្ទឹង ឆាយ ដែលយើងកំពុងប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ។

ជាមួយគ្នានោះ​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា៖ ថ្ងៃនេះយើងចូលរួមកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានាដែលយើងបានពូនជ្រុំកសាងជាបន្តបន្ទាប់ និងសូមកោតសរសើរ វាយតម្លៃចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តការចាក់វ៉ាក់សាំងបានពេញលេញ ជួយសម្រាលភាពធ្ងន់ធ្ងរនៃការឆ្លងជំងឺកូវីដ នេះជាការ សម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ក្នុងការចាក់វ៉ាក់សាំង និងការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ទន្ទឹមនោះយើងត្រូវអនុវត្ត ៣.កុំ និង៣.ការពារ ជាប់ជាប្រចាំ។

លោក សាយ សំអាល់ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តព្រះ សីហនុ ដែលបានចូលរួមអភិវឌ្ឍខេត្តមានការរីកចម្រើន។ ឈរលើទស្សនវិស័យការរក្សាសមិទ្ធផលដែលបុព្វបុរស និងកម្មាភិបាលរបស់យើងបន្យល់ទុក ហើយសមិទ្ធផលទាំងនេះ ត្រូវពូនជ្រុំសម្រាប់កូនចៅជំនាន់ក្រោយ ដោយត្រូវថែរក្សាដូចជា៖
១.ការថែរក្សាបន្តជំនាន់
២.ចូលរួមកសាងសមិទ្ធផលថ្មី
៣.កសាងមូលដ្ឋានគ្រឹះតជំនាន់បន្តទៀត។

បន្ថែមពីនេះ​ លោក​ សាយ សំអាល់ សង្ឃឹមថា យើងនឹងបន្តសម្ពោធសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងខេត្តព្រះសីហនុតាមតម្រូវការនៃការអភិវឌ្ឍន៍របស់ខេត្តនាពេលខាងមុខ។ បន្ទាប់មកលោក សាយ សំអាល់ ក៏បានបំពាក់មេដាយជូនមន្ត្រីរាជការ និងសប្បុរសជន ព្រមទាំងកាត់ខ្សែបូ និងឬសសីមា ព្រមទាំងសម្ពោធសមិទ្ធផលនានាក្នុងវត្តសាមគ្គីគីរីស្ទឹងឆាយ ប្រកបដោយភាពរីករាយក្រៃលែង៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print