សម្ដេចក្រឡាហោម​ ស​ ខេង​ ផ្ញេីសារលិខិតអបអរសាទរខួបលេីកទី១១១​ ទិវាអន្តរជាតិនារី​ ៨មីនា​ ឆ្នាំ២០២២​ !

ចែករំលែក៖

ភ្នំពេញ : សារលិខិតផ្ញេីជូន​ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ​ 

ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបរិយាកាសរីករាយ នៃខួបលើកទី១១១ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២២នេះ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដោយមនោសញ្ចេត​នា​សប្បាយរីករាយក្នុងទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីជាការរំលឹក និងចងចាំ ចំពោះការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ស្ត្រីទូទាំងសកលលោក ទាមទារការទទួលស្គាល់ជា សកលនូវគុណតម្លៃ និងសិទ្ធិសេរីភាព ដែលត្រូវបានរំលោភបំពានក្នុងអតីតកាល ។

ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់នារី ដែល មិនត្រឹមតែបានបំពេញនូវតួនាទីជាអ្នកគ្រប់គ្រងក្រុមគ្រួសារ ក្នុងនាមជាមាតា ក្នុងនាមជាភរិយា ជា កូនស្រី ជាបងស្រី ជាប្អូនស្រី សម្រេចបាននូវបរិយាកាស និងភាពកក់ក្ដៅក្នុងក្រុមគ្រួសារ និងក្នុង សង្គមជាតិយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសកម្មចូលរួមក្នុងការងារ ដឹកនាំ ការគ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្មនៅក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ ក្រោមជាតិ សម្រេចបាននូវស្នាដៃជាច្រើនរួមចំណែកក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការ​បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ទន្ទឹមនេះ នៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងស្ថានភាពដែល​ប្រទេសជាតិយើង កំពុងរង ការលំបាក និងតស៊ូជម្នះនូវបញ្ហាប្រឈមបង្កឡើងដោយវិបត្តិនៃជំងឺកូវីដ-១៩ នារីរបស់យើងគ្រប់រូបបានដើរតួនាទីជាកម្លាំងស្នូល ប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូពុះពារ និងអំណត់ព្យាយាម បំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់មុខសញ្ញា រាប់ទាំងនៅលើដងផ្លូវសាធារណៈ នៅក្នុងអង្គភាព ប្រតិបត្តិការ និងនៅក្នុងសហគមន៍ ដើម្បីចុះសាកសួរសុខទុក្ខ គាំទ្រ និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ទោះបីជាត្រូវប្រឈមមុខនឹងហានិភ័យនៃជំងឺរាតត្បាតជាសកលនេះក៏ដោយ ។ ជាមួយ គ្នានេះដែរ ស្ថិតក្នុងស្ថានភាពបែបនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជានារី ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ បាននឹងកំពុងចូលរួមកាន់តែសកម្មក្នុងការងារការពារ និងបង្ការទប់ស្កាត់ ប្រឆាំង ជំងឺកូវីដ-១៩ តាមគ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីអប់រំ និងផ្សព្វផ្សាយនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងផ្តល់ការគាំទ្រជាជំនួយមនុស្សធម៌ សម្ភារៈ ថ្នាំសង្កូវ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ នៅតាមគោលដៅងាយរងគ្រោះ ដោយមិនរើសអើង ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយអត្ថន័យជ្រាលជ្រៅជាសកល នៃទិវាអន្តរជាតិ នារី ៨មីនា លើកទី១១១ នេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហា​ប្រសើរ និងវិបុលសុខ គ្រប់ប្រការ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រី រាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ សូមបានប្រកបពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print