ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី០៥ ខែមិនា ឆ្នាំ២០២២នេះថា៖ អន្ទាក់សម្លាប់ដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើក រហូតដល់សត្វដំរី ពពួកពានរ ក៏ដូចជាសត្វស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។
ក្រសួងបរិស្ថាន បានបន្តថា សត្វព្រៃ ដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយកម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ដោយសារមានរបួស ខ្វះទឹក ឬការអត់អាហារ។ អន្ទាក់គឺជាកត្តារួមចំណែកដ៏ធំមួយដល់ភាពផុតពូជនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា និងជាកត្តារួមចំណែកដ៏ចំបងមួយនៃការធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់នៃចំនួនសត្វខ្លារខិន។
នៅកម្ពុជា សត្វខ្ទីង ទន្សោង ប្រើស និងសត្វក្រចកជើងចំពាមច្រើនប្រភេទទៀតកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជដោយសារតែវិបត្តិអន្ទាក់នេះ។ រីឯសត្វត្មាត និងសត្វត្រយងយក្សដែលសុទ្ធសឹងជាប្រភេទសត្វស្លាបរងគ្រោះថ្នាក់ជិតផុតពូជបំផុតក៏រងគ្រោះដោយវិបត្តិអន្ទាក់នេះ និងការបំពុលផងដែរ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២១ អន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ និងច្រករបៀងជីវចម្រុះចំនួន ៧២ កន្លែង ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យដែលនឹងជាចលករជម្រុញការផ្លាស់ប្តូរដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា។
គួរជម្រាបថា ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានរួមគ្នាបើកយុទ្ធនាការ៖ អន្ទាក់-សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដោយគោលដៅចំបងគឺឈានទៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ #យុទ្ធនាការអន្ទាក់សូន្យ #សូមនិយាយថាទេចំពោះសត្វព្រៃ៕ដោយ៖សហការី