ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសដេរ១០ថ្នេរដោយសារតែស្ត្រីម្នាក់ទប់កំហឹងមិនជាប់ក៏យកកាំបិតកាប់ទៅលើបុរសរូបនោះព្រោះខឹងនឹងការជេរប្រមាថដែលបុរសប្រមឹកផឹកចំស្រាកាចជេរមកលើរូបគាត់ខ្លាំងពេក តែត្រូវសមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាជនបង្កបានភ្លាមៗ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០២២នៅចំណុចភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងថា ស្ត្រីដែលប្រើហិង្សាទៅលើបុរសប្រមឹកនោះមានឈ្មោះ បូ លន់ អាយុ៥២ឆ្នាំ នៅភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី។
ចំណែកបុរសប្រមឹករងគ្រោះមានឈ្មោះ ណយ រឿន អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នាបានរងរបួសបែកក្បាលដេរ១០ថ្នេរនៅមន្ទីរពេទ្យស្រុកគងពិសី។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានអំពើហិង្សាកើតឡើងគឺដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងហើយដើរករឿងអ្នកជិតខាងនិងជេរប្រមាថទើបធ្វើឱ្យស្ត្រីដៃដល់ខាងលើទប់កំហឹងមិនបានក៏យកកាំបិតកាប់ទៅលើជនរងគ្រោះតែម្តងទៅ។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕ដោយ៖ចន្ទ លីហ្សា