ខេត្តត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងហួសសុពលភាពដល់ប្រជាពលរដ្ឋទេ ទោះប្រសិនជាកម្ពុជាខ្វះវ៉ាក់សាំងក៏មិនអនុញ្ញាតដែរ។ សូមបញ្ជាក់ថា, សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា , ដោយសារតែមានប្រទេសជាមិត្តផ្តល់អំណោយវ៉ាក់សាំងដល់កម្ពុជា តែវ៉ាក់សាំងនោះទម្រាំដឹកមកដល់កម្ពុជាជិតហួសសុពលភាពទៅហើយ ដូច្នេះសម្ដេចមិនអនុញ្ញាតឱ្យទទួលយក និងចាក់វ៉ាក់សាំងដែលហួសសុពលភាពទេ។
ដោយឡែក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ដរាបណាកម្ពុជាត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដរាបនោះជំនួយរបស់ចិនសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជានៅតែបន្ត និងតាមតម្រូវការមិត្តកម្ពុជាជានិច្ច។
សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ថា, សុខុមាលភាពរបស់ពលរដ្ឋ ត្រូវបានលើកកម្ពស់ តាមរយៈវិស័យសុខាភិបាល បើទោះបីប្រព័ន្ធសុខាភិបាលកម្ពុជា នៅមានភាពទន់ខ្សោយ តែកម្ពុជាមានឆន្ទៈធ្វើឲ្យប្រសើរឡើងជាជំហានៗ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានដាក់ចេញផែនការលុបបំបាត់ ជំងឺគ្រុនចាញ់ នៅក្នុងឆ្នាំ២០២៥។ ប្រទេសចិន រួមនឹងប្រទេសនៅតាមបណ្ដោយ ទន្លេមេគង្គ បានកំពុងចូលរួមយ៉ាងសកម្ម នៃកិច្ចសហប្រតិបត្តិការនេះផងដែរ ៕
ដោយ : សិលា