ស្ថានទូតចិន : សម្ដេចតេជោនិង ឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : ស្ថានទូតឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅម៉ោង ១១និង៣៦នសទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបង្ហោះថា, នាថ្ងៃទី៧ខែមីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ។

ស្ថានទូតឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បន្តថា, លោក Wang Wentian មានប្រសាសន៍ថា អស់រយៈពេលបីឆ្នាំ មន្ទីរពេទ្យចម្រុះដ៏ទំនើបនេះត្រូវបានបង្ហាញខ្លួនយ៉ាងស្រស់សង្ហាជាមួយនឹងឧបករណ៍បរិក្ខារដែលបានបំពាក់ជូនយ៉ាងពេញលេញ បានក្លាយជានិមិត្តសញ្ញាថ្មីមួយទៀតសម្រាប់ចំណងមិត្តភាពចិន-កម្ពុជា។ រូបលោកពិតជាមានក្តីរីករាយជាខ្លាំង។ សង្ឃឹមយ៉ាងមុតមាំថាមន្ទីរពេទ្យខាងលើនេះនឹងចូលរួមសម្មភាពទំនួលខុសត្រូវជាមន្ទីរពេទ្យកណ្តាលក្នុងតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ។ ជំងឺវីរុសកូវីដនៅតែបន្តញាញី ដរាបណាកម្ពុជាមិនទាន់អស់មេរោគកូវីដ១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ។ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនថ្នាក់ជាតិដំបូងគេលើពិភពលោកមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីចែករំលែកពីបទពិសោធន៍នៃការទប់ស្កាត់ជំងឺវីរុសកូវីដក្នុងទម្រង់វេជ្ជសាស្រ្តបុរាណចិន នឹងផ្តល់ជូនជំនួយឥតសំណងជាវ៉ាក់សាំងកូវីដជំហានថ្មីដល់កម្ពុជាយ៉ាងឆាប់រហ័ស និងព្រមទាំងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពការចាក់វ៉ាក់សាំងជូនដល់កុមារ។ យើងជឿជាក់ថា ឱ្យតែចិននិងកម្ពុជាពួតដៃគ្នារួមចិត្តតែមួយ គ្មានការលំបាកណាដែលមិនអាចយកឈ្នះបានឡើយ។

ស្ថានទូតឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា, សម្ដេចតេជោបានលើកឡើងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំគឺសក្ខីភាពដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន គឺជាសមិទ្ធផលផ្លែផ្កានៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលបានបីបាច់ថែទាំដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំចិនជំនាន់មុន និងជាការអនុវត្តយ៉ាងរស់រវើកនូវកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។ មន្ទីរពេទ្យខាងលើនេះជាមន្ទីរពេទ្យបង្អែកខេត្តធំជាងគេនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែនឹងផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តនេះប៉ុណ្ណោះទេ ហើយថែមទាំងនឹងផ្ដល់សេវាសុខាភិបាលវេជ្ជសាស្រ្តកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីដែលស្ថិតនៅភូមិភាគខាងជើងនៃប្រទេសកម្ពុជា។ នាចុងខែមីនានេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ សម្ដេចបានថ្លែងអំណរគុណដោយស្មោះជូនចំពោះឯកឧត្តមប្រធានាធិបតីចិនXi Jinping, ឯកឧត្តមនាយករដ្ឋមន្ត្រីចិនLi Keqiang, រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្តល់ជំនួយយ៉ាងច្រើនជូនដល់កម្ពុជា។ សង្ឃឹមថាស្ថាប័នសុខាភិបាលនឹងប្រើប្រាស់ឧបករណ៍បរិក្ខារដែលចិនបានផ្ដល់ជូនឱ្យបានល្អ ពង្រឹងការបណ្តុះបណ្តាលបុគ្គលិកពេទ្យប្រកបដោយប្រសិទ្ធភាព លើកកម្ពស់បច្ចេកវិទ្យានិងកម្រិតវេជ្ជសាស្ត្រ និងមានទំនួលខុសត្រូវចំពោះសុខភាពប្រជាជន។

សម្ដេចតេជោបានបន្តទៀតថា ប្រឈមមុខជាមួយការរីករាលដាលនៃជំងឺវីរុសកូវីដ សម្ដេចមានការរំភើបជាខ្លាំងចំពោះការគាំទ្ររបស់រដ្ឋាភិបាលនិងប្រជាជនចិនជូនចំពោះកម្ពុជា។ ដោយសារតែមានជំនួយរបស់ភាគីចិនជូនកម្ពុជាប្រៀបដូចបងប្អូន ការស្តារសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាទទួលបានការជំរុញយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។ ដូចឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា ដរាបណាកម្ពុជាមិនទាន់អស់មេរោគកូវីដ១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ។ នេះជាដំណឹងល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។ រហូតមកដល់ពេលនេះ អត្រានៃការចាក់វ៉ាក់សាំងជូនកុមារអាយុពី៣-៥ឆ្នាំនៅក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់៣៦% ហើយក្នុងជំហានបន្ទាប់រដ្ឋាភិបាលនឹងបន្តពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំង និងជំរុញការចាក់ដូសជំរុញជាបន្តបន្ទាប់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីនិងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច, ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។

គួរបញ្ជាក់ដែរថា គម្រោងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ត្រូវបានសាងសង់ដោយក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ហើយត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែមីនាឆ្នាំ២០១៩ បញ្ចប់នៅខែតុលាឆ្នាំ២០២១។ មន្ទីរពេទ្យនេះមានទំហំដី៥.៥ហិចតា ទំហំសំណង់២.៤ម៉ឺនម៉ែត្រការ៉េ ដែលអាចដាក់គ្រែបានចំនួន៣០០ គឺជាមន្ទីរពេទ្យចម្រុះដ៏ទំនើបដែលមានទ្រង់ទ្រាយធំបំផុតនិងកម្រិតវេជ្ជសាស្រ្ដខ្ពស់បំផុតនៅក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះបែងចែកជាផ្នែកជំងឺទូទៅ, ផ្នែកកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកវះកាត់, ផ្នែកសម្ភព, ផ្នែករោគស្ត្រី, ផ្នែកពិនិត្យថតឆ្លុះ, បន្ទប់តាមដានជំងឺកម្រិតធ្ងន់, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះកាត់, បន្ទប់ពិសោធន៍, បន្ទប់អុកស៊ីសែនជាដើម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print