Update៖ ប្តីសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រត់ទៅសារភាពប្រាប់សម្ថកិច្ចនៅខេត្តពោធិ៍សាត់ , អាណិតតែកូននៅតូច៣នាក់ គ្នាត្រូវរំពឹងលើអ្វីដើម្បីអនាគត !

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ជាប្តីជនរងគ្រោះ បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ ហើយរត់ទៅសារភាពប្រាប់សមត្ថកិច្ច នៅឯខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ៣នាក់ នៅហែលកណ្តាលសមុទ្រ រកកោះត្រើយមិនឃើញ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា , កាលពី​រ​វេលា​ម៉ោង​០៨​ និង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មិនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់ បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីរថ្ងៃទី១២​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា, ជនសង្ស័យ​មានឈ្មោះ​ រ័ត្ន វិជ្ជា​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អុីនធឺណេត​ ស្នាក់នៅ​ចំណុច​កេីតហេតុ​ខាងលេី។ ចំណែកជនរងគ្រោះមាន​ឈ្មោះ​ ហ៊ា​ង​ សុជាតិ​ ភេទស្រី​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​មេដោះ (មេីលកូនឱ្យគេ​)​ ស្នាក់នៅ​ ជាមួយម្តាយ​ ខណ្ឌ​ទួលគោក​ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា, តាមការបំភ្លឺរបស់​ ម្តាយជនរងគ្រោះ​ឈ្មោះ​ ថៃ​ គី​ ភេទស្រី​ អាយុ​ ៤៨​ឆ្នាំ​ បានបញ្ជាក់ថា​, កាលពីរថ្ងៃទី១១ ខែមីនា​ ឆ្នាំ​២០២២​ ជនសង្ស័យបានទៅសុំម្តាយជនរងគ្រោះយកប្រពន្ធទៅដេីរលេង​ហេីយគាត់ក៏យល់ព្រម​ ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ​ គាត់បានព្យាយាមខលទៅតែទាក់ទងមិនបាន​ រហូតដល់ថ្ងែទី១៥​ ខែមិនា​ ឆ្នាំ​២០២២​ ទេីបមានប៉ូលីសខេត្តពោធិ៍សាត់​ ខលមកប្រាប់ថាកូនគាត់ត្រូវបានជនសង្ស័យជាប្តី​ សំលាប់បាត់ហេីយ​ នៅបន្ទប់ជួល​របស់ជនសង្ស័យ​។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគ​រ ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

ពាក់ព័ន្ធករណីខាងលើនេះ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការសម្លាប់ប្រពន្ធនោះទេ ។ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀត ទើបដឹងមូលហេតុច្បាស់លាស់ ។

តាមការបញ្ជាក់​ របស់គ្រូពេទ្យកោសលវិច្ឆ័យ​ ឧកញ៉ា​ បណ្ឌិត​ នង​ សុវណ្ណ​រត្ន័​ បានបញ្ចាក់ថាសព​ពិត​ជាស្លាប់​ដោយសារករណីឃាតកម្មពិតប្រាកដមែន។ ចំណែកឯសព​ជន​រងគ្រោះវិញត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក ហួត ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ថា, ទាំងជនបង្ក ទាំងជនរងគ្រោះ ជាប្តីប្រពន្ធនឹងគ្នានេះ មានកូនស្រីតូចៗ៣នាក់ ក្នុងបន្ទុក ដែលពួកគេ ត្រូវរស់នៅយ៉ាងកណ្តោចកណ្តែង បន្ទាប់ពីមានហេតុការណ៍ ដ៏អាក្រក់នេះកើតឡើង។
លោកបន្តថា, បន្តិចទៀតសមត្ថកិច្ចខេត្តពោធិ៍សាត់ បានបញ្ជូនខ្លួនជនសង្ស័យជាឃាតករ មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print