ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង(នាវា URAGA លេខ៤៦៣ និងនាវា HIRADO លេខ៣០៥) ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដោយបានចូលរួមពិធីទទួលស្វាគមន៍នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ និងភ្ញៀវកិត្តិយសទាំងអស់។ ឆ្នាំនេះជាខួបលើកទី៣០ ដែលប្រទេសជប៉ុនបានបញ្ជូនកងរក្សាសន្តិភាពជាលើកដំបូងបំផុតមកកាន់ប្រទេសកម្ពុជា។ យើងខ្ញុំសូមសម្តែងនូវការកោតសរសើរប្រទេសកម្ពុជាដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្នដោយឆ្លងកាត់អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏លំបាក។ លើសពីនេះទៅទៀត ក្រោយរយៈពេល ៣០ ឆ្នាំ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសទទួលយកកងរក្សាសន្តិភាព ទៅជាប្រទេសបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោក។ ខ្ញុំមានការស្ងេីចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយខ្ញុំមានមោទនភាព ដែលប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។
ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនអស់រយៈពេលមួយយ៉ាងវែង យើងខ្ញុំមានជំនឿថា ប្រទេសជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀត ជាមួយប្រទេសកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវ ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ ប្រកបដោយតម្លាភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់ទៅលើមជ្ឈភាព និងការឯកភាពរបស់អាស៊ាន។
យើងខ្ញុំមានជំនឿថា ការចូលចតនៃនាវានាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ផងដែរ ដែលនឹងរួមចំណែកសម្រេចបាននូវ “ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ”។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណរបស់យើង ជូនប្រជាជនកម្ពុជា រួមទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលបានទទួលស្វាគមន៍នាវាជប៉ុនយ៉ាងកក់ក្តៅ។
ឆ្នាំក្រោយ ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុនមកកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពចាស់ទុំ។ ខណៈពេលដែលពិភពលោកឈានចូលសម័យកាលថ្មី ខ្ញុំមានជំនឿជឿជាក់ថា យើងនឹងបន្តបោះជំហានឆ្ពោះទៅមុខក្នុងឋានៈជាដៃគូដែលអាចទុកចិត្តគ្នា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថាថ្ងៃនេះ ក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយ នាយរង និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ការចូលចតនាវា URAGA ដែលមាននាវិកចំនួន១២៦នាក់ និងនាវា HIRADO មាននាវិកចំនួន៥៤នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចំរើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជជាលើកដំបូង។
នៅក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះវត្តមានភ្ញៀវជាតិ អន្តរជាតិ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងទឹក ដែលបានសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសម្របសម្រួលការងារគ្រប់ផ្នែកសម្រាប់នាវាកងស្វ័យការពារជើងទឹកជប៉ុន០២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ សូមអរគុណចំពោះវត្តមាន និងចំណាប់អារម្មណ៍របស់លោក ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដែលបានរំលេចពីប្រវត្តិនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់កម្ពុជាជាលើកដំបូង និងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកងយោធពលខេមរភូមិន្ទ។ អរគុណចំពោះលោក មេបញ្ជាការនាវា URAGA និងនាវា HIRADO កងស្វ័យការពារជើងទឹកជប៉ុន
ដែលបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា និងមានឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើងនិងរីកចម្រើនថែមទៀត។ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០៩លើក ដែលមាននាវាសរុបចំនួន២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។
ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យក្តី ប៉ុន្តែរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំនិងដឹងគុណជានិច្ចចំពោះការចូលរួមរបស់កងរក្សាសន្តិភាព នៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង។ ប្រការដែលកម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះ គឺការពលីជីវិតមន្ត្រី០២រូបនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ “អ៊ុនតាក់” នោះគឺលោក Atsuhit Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលី
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការដឹងគុណចំពោះ
បណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានរួមវិភាគទានដ៏ធំធេងដល់ប្រវត្តិសាស្ត្រកម្ពុជាកាលពី៣០ឆ្នាំមុន ក្នុងការបញ្ជូនកម្លាំងមកចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ នាពេលបច្ចុប្បន្ន ជាមួយនឹងវិបត្តិការរីករាលដាលជំងឺកូវីដ-១៩ និងស្ថិតក្នុងស្ថានភាពនៅក្នុងតំបន់ និងសកលលោកកំពុងមានការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាច ដើម្បីដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មានលក្ខណៈកាន់តែតានតឹង ពិសេសសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី គឺជាពេលវេលាគ្រប់គ្រាន់ សម្រាប់ឱ្យយើងធ្វើការវាយតម្លៃដ៏ត្រឹមត្រូវមួយពីមេរៀនទាំងឡាយ នៃដំណាក់កាលប្រវត្តិសាស្ត្រនៃតម្លៃសន្តិភាព” មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ ប្រការនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសជាតិ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិចម្បង និងជាមូលដ្ឋានជូនពលរដ្ឋគ្រប់រូប ដែលមុនគេបង្អស់គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលសេវាសុខាភិបាល ការពារ និងជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំ និងតែងតែរំឭកនៅគ្រប់វេទិកា “ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក ការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនា សម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ”។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយកសាង និងរក្សាសន្តិភាព និងការពារជនស្លូតត្រង់នៅលើសកលលោក និងនៅតែបន្តខិតខំកិច្ចប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន ដែលបានជួយគាំទ្រឧបត្ថម្ភដល់កងរក្សាសន្តិភាពកម្ពុជា ជាគ្រូយោធាចារ្យ ឧបករណ៍ សម្ភារៈសិក្សា ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសលើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ ហើយនៅអំឡុងពេល
ជំងឺកូវីដ-១៩ ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជាតាមរយៈប្រព័ន្ធអេឡិចត្រូនិកផងដែរ។
អរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចនៃប្រទេសជប៉ុនប្រកបដោយជោគជ័យ និងលទ្ធផលផ្លែផ្កា។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ដោយមានការជួយគាំទ្ររបស់កងស្វ័យការពារជប៉ុនលើវិស័យរក្សាសន្តិភាព បានធ្វើឱ្យកងយោធពលខេមរភូមិន្ទសម្រេចជោគជ័យជាប្រវត្តិសាស្រ្តក្នុងការបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានការកោតសរសើរ លើកមុខមាត់កងយោធពលខេមរភូមិន្ទលើឆាកអន្តរជាតិ និងកម្ពុជាបានក្លាយជាប្រទេសមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិដោយស្មើមុខ ស្មើសិទ្ធិ។
ជាក់ស្តែង នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២២នេះ ទោះបីស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ នៅបន្តមានក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន នៅតែមានភាពរីកចំរើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក រវាងកងទ័ពជើងគោក ជាមួយកងស្វ័យការពារជើងគោកជប៉ុន ការជួយគាំទ្រវិស័យរក្សាសន្តិភាព ការចូលចតនាវា ការបណ្តុះបណ្តាលលើកកម្ពស់ធនធានមនុស្ស ពិសេសការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង
នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។
ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុនកាន់តែសកម្មថែមទៀត ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ(HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខា-ភិបាល ។
ជាមួយគ្នានេះ កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុនពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត៕