ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ជាប្តីជនរងគ្រោះ បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ ហើយរត់ទៅសារភាពប្រាប់សមត្ថកិច្ច នៅឯខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ៣នាក់ នៅហែលកណ្តាលសមុទ្រ រកកោះត្រើយមិនឃើញ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា , កាលពីរវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលលេខ០៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់ បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ០៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា, ជនសង្ស័យមានឈ្មោះ រ័ត្ន វិជ្ជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអុីនធឺណេត ស្នាក់នៅចំណុចកេីតហេតុខាងលេី។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមេដោះ (មេីលកូនឱ្យគេ) ស្នាក់នៅ ជាមួយម្តាយ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា, តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះឈ្មោះ ថៃ គី ភេទស្រី អាយុ ៤៨ឆ្នាំ បានបញ្ជាក់ថា, កាលពីរថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានទៅសុំម្តាយជនរងគ្រោះយកប្រពន្ធទៅដេីរលេងហេីយគាត់ក៏យល់ព្រម ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមខលទៅតែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមិនា ឆ្នាំ២០២២ ទេីបមានប៉ូលីសខេត្តពោធិ៍សាត់ ខលមកប្រាប់ថាកូនគាត់ត្រូវបានជនសង្ស័យជាប្តី សំលាប់បាត់ហេីយ នៅបន្ទប់ជួលរបស់ជនសង្ស័យ។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពាក់ព័ន្ធករណីខាងលើនេះ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការសម្លាប់ប្រពន្ធនោះទេ ។ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀត ទើបដឹងមូលហេតុច្បាស់លាស់ ។
តាមការបញ្ជាក់ របស់គ្រូពេទ្យកោសលវិច្ឆ័យ ឧកញ៉ា បណ្ឌិត នង សុវណ្ណរត្ន័ បានបញ្ចាក់ថាសពពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន។ ចំណែកឯសពជនរងគ្រោះវិញត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ឯក ហួត ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ថា, ទាំងជនបង្ក ទាំងជនរងគ្រោះ ជាប្តីប្រពន្ធនឹងគ្នានេះ មានកូនស្រីតូចៗ៣នាក់ ក្នុងបន្ទុក ដែលពួកគេ ត្រូវរស់នៅយ៉ាងកណ្តោចកណ្តែង បន្ទាប់ពីមានហេតុការណ៍ ដ៏អាក្រក់នេះកើតឡើង។
លោកបន្តថា, បន្តិចទៀតសមត្ថកិច្ចខេត្តពោធិ៍សាត់ បានបញ្ជូនខ្លួនជនសង្ស័យជាឃាតករ មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ៕