ប្រធានក្រុមជម្រើសជាតិរុស្ស៊ី កីឡាករ Artyom Dzyuba បាននិយាយថាគាត់មិនបានចូលរួមក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិសម្រាប់ហេតុផលគ្រួសារជាជាងទិដ្ឋភាពនយោបាយ។ Dzyuba មានវ័យ៣៣ឆ្នាំត្រូវបានគេនិយាយថា មានសាច់ញាតិនៅប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកបានអះអាងថា ការលើកឡើងរបស់គ្រូបង្វឹក លោក Valery Karpin ដែលថា គាត់បានបដិសេធការហៅទូរស័ព្ទជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការយល់ច្រឡំ ។
ខ្សែប្រយុទ្ធ Dzyuba របស់ក្លិប Zenit St Petersburg បាននិយាយថា “វាគឺទាក់ទងនឹងបញ្ហាគ្រួសារ ប៉ុន្តែខ្ញុំមិនចង់និយាយលម្អិតទេ ។ នៅពេលនេះខ្ញុំចង់ចំណាយពេលជាមួយគ្រួសារ ខ្ញុំមិនបានទៅជាមួយក្រុមរុស្ស៊ីទេហើយនោះមិនមែនដោយសារទិដ្ឋភាពនយោបាយទេ”។គ្រូបង្វឹកក្រុមរុស្ស៊ីលោក Valery Karpin បាននិយាយថា Dzyuba ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់រុស្ស៊ីដែលមាន៣០គ្រាប់បានស្នើសុំមិនឱ្យបញ្ចូលក្នុងជំរុំហ្វឹកហាត់ ដោយសារតែស្ថានភាពលំបាកនៅក្នុងអ៊ុយក្រែន ។ទោះយ៉ាងណាក៏ដោយ នៅលើមតិយោបល់ទាំងនោះ Dzyuba បាននិយាយថា “ខ្ញុំគិតថាមានការយល់ច្រឡំ។ គាត់ (Valery Karpin) មិនយល់ខ្ញុំត្រឹមត្រូវ ឬពាក្យរបស់ខ្ញុំត្រូវបានបកស្រាយខុស”។
គួររំលឹកថា ក្លិបបាល់ទាត់រុស្ស៊ី និងក្រុមជម្រើសជាតិប្រទេសនេះត្រូវបានផ្អាកពីការប្រកួតទាំងអស់ដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ៕ (រូបភាព ៖ BBC Sport)