ខេត្តបាត់ដំបង៖ សមត្ថកិច្ចជំនាញខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២បានបញ្ជូនអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៦នាក់ទៅតុលាការអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដម សេនីយ៍ ទោ សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នេះកម្លាំងការិយាល័យជំនាញរួមជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានបើកប្រតិបត្តិការបង្ក្រាប ទប់ស្កាត់ករណីលួចលេងល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងចំនួន ០២ទីតាំង និងបានឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ រួមជាមួយវត្ថុតាងល្មើសជាច្រើនទៀត។
សមត្ថកិច្ចបានឲ្យដឹងថាប្រតិបត្តិការទីតាំងទី១ បង្ក្រាបនៅក្នុងមូលដ្ឋានភូមិ ព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ឃាត់មនុស្ស ៧នាក់ និងទីតាំងទី២ ធ្វើឡើងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ឃាត់ខ្លួនអ្នកលេងចំនួន៩នាក់ ។ចំណែកវត្ថុតាងដែលដកហូតក្នុងការបង្ក្រាបរួមមាន វិទ្យុទាក់ទង ចំនួន៦គ្រឿង ទូរសព្ទ័ដៃ ចំនួន២៥គ្រឿង រថយន្តចំនួន៤គ្រឿង ម៉ូតូ៨គ្រឿង ម៉ូតូឡាំប្រឺតា ១គ្រឿងផងដែរ។
នៅរសៀលថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះក្រុមអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងទាំង ១៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ចប់ការកសាងសំណុំរឿង និងបន្តបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ