ភ្នំពេញ៖ ក្រោយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះណែនាំប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ដែលតែងតែដាក់លក់របស់របររកស៊ីគ្មានសណ្ដាប់ធ្នាប់ជាច្រើនលើកច្រើនសារ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ធ្វើពិបាកក្នុងការធ្វើដំណើរទៅមក។
ជាក់ស្ដែងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានបន្តចុះសហការជាមួយកម្លាំងការិយាល័យសាធារណៈការខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងផ្លូវចូលវត្តតាំងកសាង(ទាំងសងខាង) ស្ថិតនៅក្នុងសង្កាត់កាកាបទី១ និងកាកាបទី២ ។
ក្នុងប្រតិបត្តិការខាងលើនេះ អាជ្ញាធរខណ្ឌ បានប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់បងប្អូនដែលប្រកបអាជីវកម្មផ្សេងៗតាមគោលដៅខាងលើ ត្រូវលក់មានរបៀបរាបរយតាមអ្វីដែលរដ្ឋបាលខណ្ឌបានកំណត់ជូនដោយទុកចិញ្ចើមផ្លូវ សំរាប់ថ្មើរជើង និងរក្សារអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាពល្អផងដែរ។
មិនតែប៉ុណ្ណោះ អាជ្ញាធរបានប្រេីធម៍ក្ដៅដោយបានកាត់ផ្លាកសញ្ញាដាក់លក់ដូរបំពានផ្លូវ និងរនាំងដែកដែលដាក់លយនៅលើចិញ្ចើមផ្លូវគ្មានសណ្ដាប់ធ្នាប់ ហើយហៅម្ចាស់មកធ្វើការណែនាំ និងកិច្ចសន្យា មិនឱ្យមានលើកក្រោយទៀត៕ដោយ៖សហការី