ក្រុមហង្សក្រហម Liverpool នឹងប្រកួតជាមួយក្រុមមេឃខៀវManchester City ក្នុងការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley បន្ទាប់ពីបានយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល១ទល់០ ក្នុងការជួបគ្នាដ៏ស្វិតស្វាញនៅកីឡដ្ឋាន City Ground កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
១គ្រាប់ជ័យជម្នះរបស់ក្រុម Liverpool រកបានដោយកីឡាករ Diogo Jota ដែលស៊ុតបាល់បញ្ចូលទីនៅនាទីទី៧៨ ពីការបញ្ជូនបាល់របស់ Konstantinos Tsimikas ។ចំណែកក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះSouthampton ក្នុងលទ្ធផល៤ទល់១ ក្នុងការប្រកួតជម្រុះ FA Cup ជាមួយគ្នានេះដែរ។ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បាននិយាយថា មិនមានកីឡាករជាច្រើននៅក្នុងពិភពបាល់ទាត់អាចស៊ុតបញ្ចូលទីបានគ្រាប់បាល់របស់ Phil Foden ក្នុងជ័យជម្នះនេះលើទឹកដីក្រុម Southampton នៅឡើយទេ។ការប្រកួតក្នុងតង់ទី១ ក្រុម Man City មានឱកាសរកបាន១គ្រាប់នាំមុខមុនដោយកីឡាករ Raheem Sterling នៅនាទីទី១២ ប៉ុន្តែនៅនាទីទី៤៥+២ ជិតចប់ការប្រកួតក្នុងតង់ទី១ កីឡាករ Aymeric Laporte ភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងធ្វើឲ្យក្រុមម្ចាស់ផ្ទះតាមស្មើវិញ១ទល់១។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Man City នៅតែបន្តសម្រុកទៅលើក្រុមម្ចាស់ផ្ទះ Southampton នៅនាទីទី៦២ ក្រុមភ្ញៀវមានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ដែលរ៉ាប់រងដោយខ្សែបម្រើ Kevin de Bruyne ។ មិនយូរប៉ុន្មានក្រុម Man City បន្តដាក់សម្ពាធទៅលើក្រុមSouthampton ដោយនៅនាទីទី៧៥ ខ្សែប្រយុទ្ធFoden បានចេញពីកៅអីបម្រុងរកគ្រាប់បាល់ទី៣ដ៏អស្ចារ្យ ហើយ Riyad Mahrez បានស៊ុតបញ្ចូលទីគ្រាប់ទី៤ នៅនាទីទី៧៨ ធ្វើឲ្យចប់ការប្រកួត Man City យកឈ្នះ Southampton ៤ទល់១។លោក Guardiola គ្រូបង្វឹក Man City បានអះអាងថា Foden និង Mahrez បានបង្កើតភាពខុសគ្នាក្នុងការជួយឲ្យក្រុមយកឈ្នះSouthampton នៅពានរង្វាន់ FA Cup នេះ។ និយាយអំពីការស៊ុតបញ្ចូលទីរបស់កីឡាករជម្រើសជាតិអង់គ្លេសវ័យ២១ឆ្នាំ គ្រូបង្វឹករូបនេះបាននិយាយថា “គាត់គឺជាម្នាក់ក្នុងចំណោមពួកគេដែលមានសមត្ថភាពស៊ុតបញ្ចូលទីពីទីនោះ។ គាត់មានការស៊ុតបាល់បញ្ចូលទីមិនគួរឱ្យជឿ គាត់រហ័ស គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់យើងដឹងហើយ។
ក្រុមខ្លាំង Man City នឹងត្រូវជួប Liverpool ដើម្បីដណ្តើមយកកៅអីមួយនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ខណៈក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុមCrystal Palace នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ការប្រកួតទាំង៤ក្រុមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមេសាខាងមុខ ៕ (រូបភាព ៖ BBC Sport)