ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានថ្លែងថា នៅកម្ពុជាគឺមានលទ្ធភាពក្នុងការផ្លាស់ប្ដូរក្រលៀនតាំងពីឆ្នាំ២០១០ មកម្ល៉េះនៅមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែមិនបានបញ្ចេញព័ត៌មានជាសាធារណៈ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង សិក្សានិងអនុញ្ញាតឱ្យការវះកាត់ប្ដូរក្រលៀននៅប្រទេសកម្ពុជាទៅជាការវះកាត់ដោយស្របច្បាប់។ ទោះជាយ៉ាងណាសម្ដេចបានណែនាំថា ការវះកាត់ដោយស្របច្បាប់គឺមិនមែនមានន័យថាអនុញ្ញាតឲ្យមានការជួញដូរសរីរាង្គនៅកម្ពុជានោះទេ។
ក្នុងពេលដែលសម្ពោធដាក់អោយប្រើប្រាស់អាគារថ្មីនៃមន្ទីរពេទ្យនេះ សម្ដេចបានប្រកាសឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរក្រលៀនដោយស្របច្បាប់នៅកម្ពុជាតែម្តង។
សម្ដេចតេជោថា៖ «ដើម្បីកុំឲ្យមានការជួញដូររវាងអ្នកដែលដោះដូរជាមួយនឹងអ្នកដែលផ្ដល់វាត្រូវមានវិធានការ។ វាត្រូវការក្រុមឈាមអីដូចគ្នាទៅដល់បាន ប៉ុន្តែបើរកចេញពីក្រុមគ្រួសារ បងប្អូនបរិច្ចាគឲ្យបង ឬក្មួយបរិច្ចាគឲ្យឪពុកមា ឬអ្នកដទៃទៀតដោយស្ម័គ្រចិត្តដើម្បីនឹងផ្ដល់»។
សម្ដេចតេជោបញ្ជាក់ថា កម្ពុជាមានសមត្ថភាពនិងធ្វើកិច្ចការនេះហើយ។
បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលចំពោះសម្ដេចតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មានលទ្ធភាពក្នុងការផ្លាស់ប្ដូរក្រលៀននិងថ្លើមផងដែរ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនាពេលនេះ ដែលជាមន្ទីរពេទ្យដែលបានបំពាក់នូវបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបជាច្រើន។ សម្តេចតេជោនាយរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងមិត្តភាពនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថាកន្លងមក យើងមិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យគឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជាចិន សម្តេចតេជោ បានបានមានប្រសាសន៍ថា មិត្តចិនបានប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជាជំងឺកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀត ដោយ៥ លានដូស នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះតាមរយៈជំនួយវ៉ាក់សាំងបន្ថែមទៀតនេះ ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ បានគ្រប់គ្រាន់៕