ស្រ្តីថៃដែលអះអាងថា ខ្លួនត្រូវគេបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គនៅកម្ពុជាត្រូវជាប់គុក៦ខែដោយមិនលើកលែង

ចែករំលែក៖

បាងកក÷ ស្ត្រីថៃម្នាក់ ដែលអះអាងថា មានក្រុមគ្រូពេទ្យជនជាតិចិន លួចបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គ នៅកម្ពុជា ត្រូវបានតុលាការប្រទេសថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយមិនមានការលើក លែងសោះឡើយ។

ស្ត្រីជនជាតិថៃឈ្មោះ Areeya Komkratok អាយុ ២៥ឆ្នាំ បានសារភាពថា នាងបានប្រឌិតរឿងប៉ុនប៉ងវះយកសេរីរាង្គនិងបូមឈាមគឺបោកប្រាស់ទាំងស្រុងដោយសារតែនាងចង់ត្រឡប់ទៅប្រទេសថៃជាបន្ទាន់។នាងAreeya រួម​នឹង​ជនជាតិ​ថៃចំនួន ៧​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ល្បួង​ឲ្យ​មក​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា ត្រូវ​បាន​ជួយ​សង្គ្រោះ និង​នាំ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​កាល​ពី​ដើម​ខែ​នេះ។

នៅពេលជួយសង្គ្រោះ, នាងAreeya អះអាងថា នាងត្រូវបានក្រុមអ្នកមានជនជាតិចិនចាក់ថ្នាំសន្លប់ បូម ឈាមចំនួន៣ប្លោក ហើយរៀបចំវះយកផ្នែកផ្សេងៗនៃរាងកាយរបស់នាង។ នាងAreeya ថែមទាំងបង្កើត​គណនី​ហ្វេស​ប៊ុក​ក្លែងក្លាយ ក្នុងគោលបំណង​ទាមទារ​ជំនួយ​បន្ទាន់​ពី​មន្ត្រី​ថៃ ដើម្បី​ឲ្យ​នាង​ឆាប់​បានវិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ទៀតផង។

ជំនួយការអគ្គស្នងការ​នគរបាល​ជាតិថៃ លោក Surachate Hakparn បានប្រញាប់ប្រញាល់ជួយជនជាតិថៃចំនួន៨នាក់ ដែលគិតថាមានហានិភ័យនៃការវះយកសរីរាង្គ។ ប៉ូលិស​ថៃ​បាន​សម្របសម្រួល​ជាមួយ​មន្ត្រី​កម្ពុជា ​ដើម្បី​បញ្ជូន​អ្នក​ទាំង​៨​ ទៅ​ប្រទេស​ថៃវិញដោយសុវត្ថិភាព ​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ​ក្នុង​ខេត្ត​ ស្រះកែវ ​កាលពី​ថ្ងៃ​ទី​៩ មីនា។

អគ្គស្នងការ​រងនគរបាល​ជាតិថៃ លោក Roy Ingkapairote បានបញ្ជាក់ថា នាងAreeya បានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់បានជំនួយបន្ទាន់ ដើម្បីត្រឡប់ទៅប្រទេសថៃវិញ។ លោក​ថ្លែង​ថា ​សក្ខីកម្ម​មិន​ពិត ​បាន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ថៃ។

ការភូតកុហករបស់ នាងAreeya មិនត្រឹមតែជាបទល្មើសធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងមន្ត្រីកម្ពុជា ដែលធ្វើការជាមួយគ្នាលើករណីនេះផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print