បាងកក÷ ស្ត្រីថៃម្នាក់ ដែលអះអាងថា មានក្រុមគ្រូពេទ្យជនជាតិចិន លួចបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គ នៅកម្ពុជា ត្រូវបានតុលាការប្រទេសថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយមិនមានការលើក លែងសោះឡើយ។
ស្ត្រីជនជាតិថៃឈ្មោះ Areeya Komkratok អាយុ ២៥ឆ្នាំ បានសារភាពថា នាងបានប្រឌិតរឿងប៉ុនប៉ងវះយកសេរីរាង្គនិងបូមឈាមគឺបោកប្រាស់ទាំងស្រុងដោយសារតែនាងចង់ត្រឡប់ទៅប្រទេសថៃជាបន្ទាន់។នាងAreeya រួមនឹងជនជាតិថៃចំនួន ៧នាក់ផ្សេងទៀត ដែលត្រូវបានគេល្បួងឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ និងនាំត្រឡប់ទៅប្រទេសថៃវិញកាលពីដើមខែនេះ។
នៅពេលជួយសង្គ្រោះ, នាងAreeya អះអាងថា នាងត្រូវបានក្រុមអ្នកមានជនជាតិចិនចាក់ថ្នាំសន្លប់ បូម ឈាមចំនួន៣ប្លោក ហើយរៀបចំវះយកផ្នែកផ្សេងៗនៃរាងកាយរបស់នាង។ នាងAreeya ថែមទាំងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្នុងគោលបំណងទាមទារជំនួយបន្ទាន់ពីមន្ត្រីថៃ ដើម្បីឲ្យនាងឆាប់បានវិលត្រឡប់ទៅប្រទេសថៃវិញទៀតផង។
ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក Surachate Hakparn បានប្រញាប់ប្រញាល់ជួយជនជាតិថៃចំនួន៨នាក់ ដែលគិតថាមានហានិភ័យនៃការវះយកសរីរាង្គ។ ប៉ូលិសថៃបានសម្របសម្រួលជាមួយមន្ត្រីកម្ពុជា ដើម្បីបញ្ជូនអ្នកទាំង៨ ទៅប្រទេសថៃវិញដោយសុវត្ថិភាព តាមស្ពានមិត្តភាពកម្ពុជា-ថៃ ក្នុងខេត្ត ស្រះកែវ កាលពីថ្ងៃទី៩ មីនា។
អគ្គស្នងការរងនគរបាលជាតិថៃ លោក Roy Ingkapairote បានបញ្ជាក់ថា នាងAreeya បានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់បានជំនួយបន្ទាន់ ដើម្បីត្រឡប់ទៅប្រទេសថៃវិញ។ លោកថ្លែងថា សក្ខីកម្មមិនពិត បានប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ។
ការភូតកុហករបស់ នាងAreeya មិនត្រឹមតែជាបទល្មើសធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងមន្ត្រីកម្ពុជា ដែលធ្វើការជាមួយគ្នាលើករណីនេះផងដែរ៕
ដោយ៖ សូរិយា