ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថាភ្ញៀវទេសចរចាប់ផ្ដើមមានកំណើនជាថ្មី នៅតាមគោល ដៅទេសចរណ៍ នានាទាំងរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្ត។ ការកើនឡើងជាថ្មី គឺសង្កេតឃើញក្រោយពេលដែលកម្ពុជា សម្រេចដកចេញរាល់រនាំងនានាសម្រាប់ការធ្វើដំណើរចូលកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានប្រកាសមិនតម្រូវឱ្យធ្វើចំពោះភ្ញៀវទេសចរណ៍ទៀតទេ។ នោះគឺវាបានចាប់ផ្ដើមការបើកទទួលភ្ញៀវទេសចរដោយសេរីជាថ្មី ដោយដោយលែងតម្រូវឱធ្វើតេស្ត PCR រយៈពេល ៧២ ម៉ោងមុនចូលមកកម្ពុជា និងការលុបចោលនូវការការធ្វើតេសត្តរហ័សពេលមកដល់ ទឹកដីកម្ពុជា និងការបើកដំណើរការឡើងវិញនូវទិដ្ឋាការពេលមកដល់កម្ពុជា។
បន្ទាប់ពីការបើកទទួលភ្ញៀវទេសចរដោយគ្មានរនាំងរឹតត្បឹតនេះ ដូចដំណាក់កាលនៃការរីករាលដាលជំងឺកូវី19 នោះពេលនេះបានធ្វើឱ្យចំនួនភ្ញៀវបរទេសចាប់ផ្ដើមមានកំណើនជាថ្មី។ ជាក់ស្ដែងវត្តមានភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញវត្តមានច្រើនជាងមុន នៅផ្សារទួលទំពូង ជាទីផ្សារលក់វត្ថុអនុស្សាវរីយ៍ ពេញនិយមសម្រាប់ភ្ញៀវទេសចរកន្លងមក។
ស្រ្តីជនបរទេសម្នាក់ដែលកំពុងដើររកទិញរបស់របរក្នុងផ្សារទួលទំពូងលើកឡើងថា កម្ពុជាគឺជាប្រទេសជាប្រទេសដ៏ល្អសម្រាប់ជនបរទេសមកកំសាន្ត។ ជាក់ស្ដែងគាត់ពេញចិត្ត គ្រប់យ៉ាងនៅកម្ពុជា សម្រាប់កំឡុងពេលកំពុងស្នាក់នៅនេះ។
វត្តមានភ្ញៀវទេសចរបរទេសកើនឡើងនេះ ក៏ផ្ដល់នូវក្ដីរីករាយ ក្ដីសង្ឃឹម ភាពប្រសើរឡើងសម្រាប់អាជីវករ នៅផ្សារទួលទំពូងផងដែរ។ នេះជាការលើកឡើងរបស់ លោកស្រី នី រតនា ជាអាជីវករលក់ គំនូរ។
លោក ចំរើន សុខលីមប្រធានផ្សារទួលទំពូង លើកឡើងថា កំឡុងពេលនេះ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមមានកំណើនជាថ្មី។ ជាក់ស្ដែងរៀងរាល់ថ្ងៃ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ជាង២០០នាក់ បានមកផ្សារ ទួលទំពូង ដែលកន្លងទៅ គឺមានជនបរទេសប្រមាណតែ ២០ទៅ ៣០នាក់ ប៉ុណ្ណោះចូលមកផ្សារ ហើយពួកគាត់ជាជនបរទេសដែលរស់នៅជុំវិញផ្សារប៉ុណ្ណោះ។
លោកសង្ឃឹមដែរថា ថ្ងៃខាងមុខ ជនបរទេសនឹងកើនឡើងរហូតដល់ ចន្លោះពី ១៥០០នាក់ទៅ ២០០០នាក់ក្នុងមួយថ្ងៃ ដូចពេលមិនទាន់មានកូវីដ៕
ដោយ៖ សូរិយា