ខេត្តកំពង់ស្ពឺ៖ កម្មការនីប្រមាណជា៦០នាក់ដែលបម្រើការងារនៅតាមរោងចក្រនានានៅក្នុងខេត្តកំពង់ឆ្នាំង បានរងរបួសធ្ងន់និងស្រាល ដោយសាររថយន្តផ្ទុះកង់ក្រឡាប់ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៥២ ក្នុងភូមិចំការដូង ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យយដឹងថា រថយន្តនេះដឹកកម្មករចេញពីឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ឆ្ពោះមកកាន់រោងចក្រ នានានៅម្តុំលង្វែក ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេពញ ២AG-៩០៧៧ បានបើកក្នុងល្បឿនមួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តនេះបានផ្ទុះកង់មុខបណ្តាលឲ្យក្រឡាប់បះជើងឡើងលើតែម្តង ។
ប្រភពខាងលើបានឲ្យដឹងថា ជនរងគ្រោះជាកម្មករ ដែលរងរបួសធ្ងន់និងស្រាលក្នុង ហេតុការណ៍នេះ មានចំនួន៥៧នាក់ ក្រោយពេលកើតហេតុ ១៦នាក់ដែលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ៦នាក់ទៀតត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជននៅកំពង់ហ្លួង និង៣៥នាក់ទៀត ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ ឆេង ប៊ុនរឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរយៀក ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោយពេលកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ ចន្ថា