ខេត្តព្រះវិហារ៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃពីរ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប និងមានការចូលរួមពី អាជ្ញាធរភូមិនៅថ្នាក់មូលដ្ឋាន កាលពីម៉ោង ១ និង៤៥នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានបេីកប្រតិបត្តិការបង្ក្រាបចុះបង្រ្កាប និងរឹបអូសរថយន្តខ្នាតយក្សសណ្តោងរ៉ឺម៉កមួយគ្រឿង លួចដឹកបង្កប់ឈើអារប្រភេទលេខ១ និងលេខ២ ជាច្រើនម៉ែត្រគូប ស្ថិតនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។
បេីតាមការបញ្ជាក់ពីនាយផ្នែកព្រៃឈើឆែប លោកសេង លាង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែមីនា ឆ្នាំ២០២២នេះថា៖ ក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ មីនានេះ កម្លាំងសមត្ថកិច្ចបានឃាត់ចាប់រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ១ និងលេខ២ មានចំនួនជាច្រើនម៉ែត្រគូបត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះឡើយ។
នាយផ្នែកព្រៃឈើឆែប បានបន្ថែមថា រថយន្តប្រភេទវេអង ១គ្រឿងនេះ បានដឹកឈើគ្រឿងផ្ទះចាស់ បន្លំដឹកឈើអារថ្មីៗ បង្កប់ពីក្រោមបាវអង្កាម ដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែ សកម្មភាពបទល្មើសនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបបានភ្លាមៗដែរ។ លោក បន្តថា ម្ចាស់ឈើនេះត្រូវបានមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច កំណត់បានអត្តសញ្ញាណរួចហើយ គឺឈ្មោះ គឿន ប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែកអ្នកបេីកបររថយន្ត ឈ្មោះ កៅ វឌ្ឍនា ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានដឹកជញ្ជូនឈើទាំងនោះ រួមនិងរថយន្តធុនធំ១គ្រឿងដែលមធ្យោបាយដឹកជញ្ជូន យកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឈើឆែប ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី