ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរឃុំ-សង្កាត់ ត្រូវលាតត្រដាងបង្ហាញជូនប្រជាពលរដ្ឋ ឱ្យបានដឹងច្បាស់ពីមូលនិធិឃុំ-សង្កាត់ ព្រោះថា ឃុំ-សង្កាត់ នាពេលបច្ចុប្បន្ន មានផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាវិទ្យាល័យ តាគ្រាម ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់, អគារអនុវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ១ខ្នង ៥បន្ទប់ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សា បុស្សសម្ព័រ ១ខ្នង ៦បន្ទប់, ប្រឡាយប្រវែង ៣៦,៤០០ម៉ែត្រ, ស្ពានបេតុង៨កន្លែង សំណង់សិល្បៈការ ១កន្លែង និងសំណង់ស្ទាក់ទឹក ១កន្លែង ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា អាជ្ញាធរឃុំ-សង្កាត់ ត្រូវដឹងថា ប្រជាពលរដ្ឋលោកត្រូវការអ្វី ហើយត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយគ្មានអំពើអសកម្មកើតឡើងឡើយ។
សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំ-សង្កាត់ គ្រប់លំដាប់ថ្នាក់ មិនត្រូវទារសគុណពីប្រជាពលរដ្ឋនោះទេ។ សម្ដេច បានបន្ដថា នាពេលបច្ចុប្បន្ន ប្រាក់ឧបត្ថម្ភដែលថ្នាក់ជាតិផ្ដល់ឱ្យក្នុងមួយឃុំ-សង្កាត់ ទទួលបានជាង ៧០០លានរៀល ក្នុង១ឆ្នាំ សម្រាប់យកមកអភិវឌ្ឍតាមឃុំ-សង្កាត់។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ឃុំ-សង្កាត់ ប្រើប្រាស់មូនិធិធ្វើហ្នឹង បានអ្វីខ្លះ? យើងត្រូវលាតត្រដាងបង្ហាញជូនប្រជាពលរដ្ឋ ព្រោះថា ឃុំ-សង្កាត់ ឥឡូវនេះមានភារកិច្ច ដើម្បីធ្វើផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ»។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ទៀតថា ឃុំ-សង្កាត់ ត្រូវមានផែនអភិវឌ្ឍឃុំ-សង្កាត់ របស់ខ្លួនយ៉ាងជាក់លាក់ បើសិនរយៈពេល ៥ឆ្នាំ អភិវឌ្ឍមិនហើយ ត្រូវលើកទិសដៅអភិវឌ្ឍនៅឆ្នាំបន្ដបន្ទាប់។
សម្ដេចក្រឡាហោម ក៏បានបន្ថែមទៀតថា អាជ្ញាធរឃុំ-សង្កាត់ ត្រូវធ្វើម្ចាស់ការក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអភិវឌ្ឍឃុំ-សង្កាត់ ខណៈ សម្ដេច បានចាត់ទុកថា ទាំងនេះក៏ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដែរ តាមរយៈការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ ៖ សិលា