រថយន្ត​ខ្នាត​យក្ស​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ដឹកឈើ​គ្រឿងផ្ទះ​ចាស់ លួចបង្កប់​ឈើ​ថ្មី​ជាច្រើន​ម៉ែត្រគូប​ ត្រូវ​មន្ត្រី​ជំនាញ​ឃាត់

ចែករំលែក៖

ខេត្ត​​ព្រះវិហារ​៖ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ សហការ​ជាមួយ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម្លូព្រៃ​ពីរ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឆែប និង​មាន​ការចូលរួម​ពី អាជ្ញាធរ​ភូមិ​នៅ​ថ្នាក់មូលដ្ឋាន​ កាលពី​ម៉ោង ១​ និង៤៥​នាទី​យប់ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ បានបេីកប្រតិបត្តិការបង្ក្រាប​ចុះបង្រ្កាប​ និងរឹបអូស​រថយន្ត​ខ្នាត​យក្ស​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​ លួចដឹកបង្កប់ឈើ​អារ​ប្រភេទ​លេខ​១ និង​លេខ​២ ជាច្រើន​ម៉ែត្រគូប ស្ថិត​នៅ​ក្នុងភូមិ​បុស្ស ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។​​

​បេីតាមការ​បញ្ជាក់ពី​នាយ​ផ្នែក​ព្រៃឈើ​ឆែប លោក​សេង លាង បាន​ឱ្យ​​ដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ​ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ នៅ​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ មីនា​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ចាប់​រថយន្ត​សណ្តោង​រ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែល​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​អារ ប្រភេទ​លេខ​១ និង​លេខ​២ មាន​ចំនួន​ជាច្រើន​ម៉ែត្រគូប​ត្រីគុណ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នោះឡើយ​។​

​នាយ​ផ្នែក​ព្រៃឈើ​ឆែប​ បានបន្ថែមថា​ រថយន្ត​ប្រភេទ​វេ​អង ១​គ្រឿង​នេះ បាន​ដឹកឈើ​គ្រឿងផ្ទះ​ចាស់ បន្លំ​ដឹកឈើ​អារ​ថ្មីៗ បង្កប់​ពីក្រោម​បាវ​អង្កាម ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ សកម្មភាព​បទល្មើស​នេះ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ​ដែរ​។​ លោក​ បន្តថា ម្ចាស់​ឈើ​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ និង​កម្លាំង​សមត្ថកិច្ច កំណត់​បាន​អត្តសញ្ញាណ​រួចហើយ គឺ​ឈ្មោះ គឿន ប្រុស ភេទ​ប្រុស អាយុ ២៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​បុស្ស ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។ ចំណែកអ្នកបេីកបររថយន្ត ឈ្មោះ កៅ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បាន​ដឹកជញ្ជូន​ឈើ​ទាំងនោះ រួម​និង​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​មធ្យោបាយ​ដឹក​ជញ្ជូន​ យកមក​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ ដេីម្បីចាត់ការតាមច្បាប់​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print